រដ្ឋបាលខេត្តតាកែវ រៀបចំពិធីក្រុងពាលីព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅវិទ្យាល័យ ព្រះនរោត្តមសីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ តុំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីក្រុងពាលីព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅវិទ្យាល័យ ព្រះនរោត្តមសីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ តុំ ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ សម្តេចចៅហ្វាវាំង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក កង អាណាន់ អភិបាលក្រុងដូនកែវ លោក លោកស្រី អភិបាលរងក្រុង និងមន្រ្តីរាជការចំណុះរដ្ឋបាលក្រុង ជាច្រើនរូបបានចូលរួមផងដែរ។
សូមជម្រាបជូនដែរថា វិទ្យាល័យព្រះនរោត្តមសីហនុរាជា និង សម្ដេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុតុំ គឺជាព្រះរាជអំណោយរបស់ សម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកសាង អាគារសិក្សា ០២ខ្នង កម្ពស់ ០២ជាន់ សរុប ២០បន្ទប់ (មានបណ្ដាល័យ ០២បន្ទប់ ទីចាត់ការ ០១បន្ទប់) និងបន្ទប់សិក្សា ១៧បន្ទប់ របស់ថ្មជុំវិញ សរុបប្រវែង ៦០២ម៉ែត្រ ខ្លោងទ្វារ ផ្លូវបេតុងក្នុងបរិវេណសាលាសរុប ៤,០០០ម៉ែត្រការ៉េ បង្គន់អនាម័យ ០២ខ្នង មាន ១២បន្ទប់ (១ខ្នង ០៦បន្ទប់) ស្កូបតម្កល់ ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ អាងទឹកបេតុ ចំណុះ ៩,០០០លីត្រ ប្រព័ន្ធបង្ហូរទឹក ចេញពីទីលានបាល់ទាត់ សរុបប្រវែង ៣៣០ម៉ែត្រ និងបង្គន់អនាម័យ ០១ខ្នង ទីលានបាល់ទាត់ទំហំ ១៧ម៉ែត្រ × ៣០មែត្រ ទីលានវាយសីទំហំ ១៦,៥ម៉ែត្រ × ៨,២ម៉ែត្រ ចំនួន ០២ ដងទង់ជាតិ និងចាក់ដីទាំងស្រុងបំពេញទីធ្លា ក្នុងបរិវេណសាលាវិទ្យាល័យ ព្រះនរោត្តមសីហនុរាជា និង សម្ដេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ តុំ ៕