អគ្គស្នងការនគរបាលជាតិ ស្នើកាណាដាជួយលើការបណ្តុះបណ្តាល ផ្លាស់ប្តូរព័ត៌មានដល់នគរបាលកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើកាណាដា ជួយលើការបណ្តុះបណ្តាល ផ្លាស់ប្តូរព័ត៌មានដល់នគរបាលកម្ពុជា ជាពិសេសជំនាញឆ្លើយតបទៅនិងបទល្មើសដែលកំពុងមាននិន្នាការកើនឡើង។
នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងបែបនេះនាឱកាសអនុញ្ញាតឲ្យ លោកស្រី ជេនីលី ខេននីងឡឺ មន្រ្តីទំនាក់ទំនងនៃកងរាជតម្រួតកាណាដា ប្រចាំនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ និងលោក ថូម៉ាស់ តូមីយេ ភារធារីតំណាងការិយាល័យស្ថានទូតកាណាដា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ។
ជាកិច្ចចាប់ផ្តើម លោកស្រី ជេនីលី ខេននីនឡី បានបង្ហាញពីចំណាប់អារម្មណ៍ និងទស្សនៈវិស័យពាក់ព័ន្ធទៅនឹងបទល្មើសដែលកើតមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ហើយលោកស្រី ក៏បានស្នើសុំឲ្យប្រទេសជាសមាជិក រួបរួមគ្នាដើម្បីធ្វើការទប់ស្កាត់ដែលក្នុងនោះប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ និងផ្តល់កិច្ចសហការយ៉ាងល្អដល់កងរាជតម្រួតកាណាដា ដែលរយៈពេលកន្លងមកបានឆ្លើយតបនូវរាល់សំណូមពររបស់ភាគីកាណាដាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគាំទ្រប្រសាសន៍លើកឡើងរបស់លោកស្រី ជេនីលី ខេននីនឡី និងបានស្នើឲ្យភាគីកាណាដាបន្តពង្រឹង និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ ជាពិសេសស្នើឲ្យភាគីកាណាដាពិនិត្យលទ្ធភាពសម្រេចបញ្ចប់ខ្លឹមសារនៃសេចក្តីព្រាងអនុស្សារណៈយោគយល់គ្នា(MOU) រវាងនគរបាលកម្ពុជា និងកងរាជតម្រួតកាណាដា ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទទាន់ពេលវេលា និងស៊ីជម្រៅបន្ថែមទៀត។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើភាគីកាណាដា ជួយលើបណ្តុះបណ្តាល ផ្លាស់ប្តូព័ត៌មានដល់នគរបាលកម្ពុជា ជាពិសេសជំនាញដែលឆ្លើយតបទៅនិងបទល្មើសដែលកំពុងមាននិន្នាការកើនឡើង។
ជាការឆ្លើយតប ភាគីកាណាដាទទួលយក និងឯកភាពតាមការស្នើរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបានបញ្ជាក់ជូនអំពីកម្មវិធីនៃការបណ្តុះបណ្តាល ដែលខាងភាគីកាណាដាគាំទ្រនៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការអនុវត្តច្បាប់ហ្សាការតា Jakarta Centre for Law Enforcement Cooperation (JCLEC) នៅប្រទេសឥណ្ឌូនេស៊ី និងបានសន្យាផ្តល់ព័ត៌មានពីកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់ភាគីនគរបាលកម្ពុជា៕