ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ក្នុងបំណងស្វែងយល់ និងពិគ្រោះយោបល់លើការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ។
ជំនួបពិភាក្សាការងាររវាងគណៈប្រតិភូក្រសួងព័ត៌មាន ជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា រួមទាំង ឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញនៃរដ្ឋសភា។
ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ជូនអំពីគោលបំណងនៃកិច្ចពិភាក្សា និងពិគ្រោះយោបល់លើការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពាក់ព័ន្ធនឹងវិស័យព័ត៌មាន ក្នុងការចូលរួមជួយតម្រង់ទិសគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។
ជាមួយនេះ ឯកឧត្តម ប្រធាន ក៏បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការគ្នារវាង ស្ថាប័ននីតិបញ្ញាត្តិ ជាមួយក្រសួងព័ត៌មាន ជាយុទ្ធសាស្រ្តទៅថ្ងៃអនាគត ដោយធ្វើយ៉ាងណាអោយយុទ្ធសាស្ត្រព័ត៌មាន មានប្រសិទ្ធិភាពសម្រាប់ជាតិ ។
ឯកឧត្តម ប្រធានគណៈកម្មការទី៥ បានគូសបញ្ជាក់ថា កិច្ចពិភាក្សានាឱកាសនេះ ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍភាពការងាររបស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដើម្បីពង្រឹងគុណភាពព័ត៌មាន ឆ្ពោះទៅកាន់ក្តីសុបិន្តរបស់ប្រទេសកម្ពុជា គឺជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងនូវវឌ្ឍនភាព និងសមិទ្ធផលការងារដែលអង្គសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាន សម្រេចកន្លងមក ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រយៈពេលជាង ៥ខែកន្លងមកនេះ ដោយក្នុងនោះក្រសួងព័ត៌មាន បានកំណត់ចក្ខុវិស័យច្បាស់លាស់ពិសេសបានដាក់ចុះនូវការដ្ឋានកំណែទម្រង់នៅច្រើនមុខព្រួញ ហើយដាក់ចេញនូវទិសដៅការងារសំខាន់ៗអោយចំទិសដៅរបស់ក្រសួងព័ត៌មាន ដែលមានទំហំការងារធំ ជាក្រសួងគន្លឹះលើការងារព័ត៌មាន។
ជាទិសដៅយុទ្ធសាស្រ្តលើការគ្រប់គ្រងស្ថាប័ន និងការងារកែទម្រង់ស្ថាប័នក្រសួងព័ត៌មាន ត្រូវធ្វើអោយបានសុីជម្រៅ ហើយត្រូវតែជាស្ថាប័នទំនាក់ ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមាន បុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងប្រសិទ្ធផល ដើម្បីចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ។ ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងព័ត៌មាន បាន ដាក់ចុះនូវការដ្ឋានជាច្រើនក្នុងការបន្តកំណែទម្រង់ ស៊ីជម្រៅ ដោយផ្តោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ ការអភិវឌ្ឍមូលដ្ឋានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ការពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការជាមួយដៃគូ និងកិច្ចគាំពារមន្ត្រីដោយប្រកាន់គោលការណ៍គុណាធិបតេយ្យ និងមានសមត្ថភាពត្រូវផ្ដល់ការលើកទឹកចិត្ត។ ទន្ទឹមនេះដែរ ក្រសួងព័ត៌មាន បាននិងកំពុងខិតខំ រៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននិង សោតទស្សន៍ និងការពង្រឹងសន្តិសុខព័ត៌មាន ដែលសំដៅលើការធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ខណៈប្រព័ន្ធផ្សព្វផ្សាយទំនើបបាន និងកំពុងដើរតួនាទីជាប្រភពព័ត៌មានសំខាន់សម្រាប់ សាធារណជន។ ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនពិតជាដើរតួនាទីសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម និង ជាចំណែកនៃការធានានូវសិទ្ធិទទួលព័ត៌មាន និងសិទ្ធិដឹងរបស់សាធារណជន និងចូលរួមជាមួយអាជ្ញាធរក្នុង ការដោះស្រាយបញ្ហាទាន់ពេលវេលាដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។
ជាមួយនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនអំពីសៀវភៅស សម្រាប់ការអភិវឌ្ឍរបស់ក្រសួងព័ត៌មានក្នុង ២៥ឆ្នាំទៀត ក្នុងនោះរួមមាន ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូក ទៅ ឌីជីថល ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសារព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការកសាងមូលដ្ឋានគតិយុត្តិ និងពង្រឹងការអនុវត្តច្បាប់។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញផងដែរអំពីផែនការការងាររយៈពេលខ្លី មធ្យម និងរយៈពេលវែង សំដៅធ្វើឲ្យស្ថាប័នក្រសួងព័ត៌មាន និងវិស័យព័ត៌មានកាន់រឹងមាំ ។
នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះដែរ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន រួមទាំងសមាជិក សមាជិកា គណៈកម្មការផ្សេងៗ នៃរដ្ឋសភា ដែលបានអញ្ជើញចូលរួម បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងព័ត៌មានសម្រេចបានក្នុងរយៈពេល ៥ខែ សម្រប់រាជរដ្ឋាភិបាលអាណិត្តទី៧ ហើយបានដាក់ចេញនូវទិសដៅដើម្បីពង្រឹងកិច្ចការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត៕