ប្រមុខរដ្ឋាភិបាល បញ្ជាក់ពីជំហរ មិនឱ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់អាហារ
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តអនុវត្តគោលនយោបាយ ដែលមានស្រាប់តាំងពីអាណត្តិមុនៗ ពោលបន្តពីសម្តេចតេជោ ដែលធានាអះអាងថា មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារការអត់ឃ្លាននោះទេ ខណៈជំនួយមិនជួយជាអចិន្ត្រៃយ៍ គឺអន្តរាគមន៍ភាគច្រើន ផ្អែកទៅលើគ្រាមានអាសន្ន និងការលំបាក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា ចាប់តាំងពីយើងមិនទាន់ចេញពីប្រទេសក្រីក្រ យើងបានដាក់គោលនយោបាយ ជួយប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល សម្តេចតេជោ តែងប្រកាសនានា មិនអាចឲ្យប្រជាពលរដ្ឋនៅកន្លែងណា ដាច់ពោះស្លាប់ ដោយសារអត់បាយនោះទេ។
ក្នុងឱកាសនេះដែរ សម្តេចធិបតី បានគូសបញ្ជាក់ថា មានតិចមានច្រើនយើងបេះពីមាត់ពីក ដើម្បីជួយគ្នា ហើយគោលនយោបាយនេះ ត្រូវតែបន្តធ្វើយ៉ាងណា តិចច្រើន មិនអាចឲ្យប្រជាពលរដ្ឋយើង រងគ្រោះស្លាប់ ដោយសារការមិនបានយកចិត្តទុកដាក់ ជាពិសេសភាពក្រីក្រនោះទេ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា នៅសម័យនេះ មានការចូលរួមច្រើន ហើយជាពិសេស សម័យបច្ចេកវិទ្យា ដែលធ្វើឲ្យមានការចែក រំលែកព័ត៌មាន និងការជួយចែករំលែកទឹកចិត្តជួយគ្នា។ ការជួយប៉ះប៉ូវ និងការជួយបែបនេះ ជាវប្បធម៌នៃការជួយគ្នា ហើយក៏ជាការចូលរួម ជាមួយរាជរដ្ឋាភិបាលផងដែរ នេះហើយហៅថា វប្បធម៌ចែករំលែក។ វប្បធម៌ចែករំលែកគឺថា អ្នកដែលមានលទ្ធភាព គឺចែកជួយទៅដល់អ្នកគ្មានលទ្ធភាព គឺមានទឹកចិត្ត ចឹងហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តទៅលើកិច្ចការងារនេះ ហើយថែមពីលើនេះ យើងនឹងរៀបចំ ប្រព័ន្ធអន្តរគមន៍។
ចំពោះសំណួរដែលមានអ្នកសួរសម្តេច អំពីប្រព័ន្ធឧបត្ថម្ភសាច់ប្រាក់សង្គមនេះ ត្រូវបានសម្តេចបកស្រាយថា៖ ការព្រួយបារម្ភទៅលើជំនួយសង្គមរបស់យើង ដែលថាបង្កើតវប្បធម៌ពឹងផ្អែក មិនឲ្យមានវប្បធម៌ម្ចាស់ការ សូមពិនិត្យមើល នូវការអន្តរាគមន៍ របស់រាជរដ្ឋាភិបាលរបស់យើង គឺអត់មានអន្តរាគមន៍ណា មានចរឹកជាអចិន្ត្រៃយ៍ទេ គឺអន្តរាគមន៍ភាគច្រើន គឺផ្អែកទៅលើគ្រាមានអាសន្ន និងការលំបាក។ សម្តេចធិបតី បានបញ្ជាក់ថា អត់មានការសន្យាមួយណាថា ត្រូវតែវាយអ៊ួរទាំងអស់ ហើយមួយជីវិតនោះទេ គឺយើងជួយហើយជួយមិនមែនតែផ្តល់ថវិកានោះដែរទេ ៕