សម្តេចធិបតី៖ កម្មវិធីគាំពារសង្គមមានពលរដ្ឋប្រមាណ ៦លាន ៥សែននាក់ បានទទួលប្រយោជន៍ ហើយចំណាយខ្ទង់ ១០០លានដុល្លារក្នុងមួយឆ្នាំ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា កម្មវិធីគាំពារសង្គមមានប្រជាពលរដ្ឋប្រមាណ ៦លាន ៥សែន បានទទួលប្រយោជន៍ ហើយចំណាយខ្ទង់ ១០០លានដុល្លារក្នុងមួយឆ្នាំ ។
ក្នុងអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ។ សម្តេចធិបតី បានមានប្រសាសន៍ថា កម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោក កំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ ឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ប្រែក្លាយប្រទេសជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ជាការសោកស្តាយវិបត្តិជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ តែរាជរដ្ឋាភិបាលមិនអង្គុយកើតទុក្ខ ឬយំនោះទេ ហើយបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះ។ ការជួយប្រជាពលរដ្ឋ គឺជាការជួយសេដ្ឋកិច្ចជាតិ។ សម្តេចបន្ថែមថា សេដ្ឋកិច្ចជាតិមិនអាចមានលំនឹងទេ បើសេដ្ឋកិច្ចប្រជាពលរដ្ឋគ្មានលំនឹង។
សម្តេចធិបតីបានបន្តថា ប្រទេសមួយមានសេដ្ឋកិច្ចប្រកបដោយចីរភាព គឺបង្កើតវប្បធម៌ប្រជាពលរដ្ឋអាចចិញ្ចឹមខ្លួនឯង ប៉ុន្តែប្រទេសមួយ ក៏មានប្រជាពលរដ្ឋជួបអសមត្ថភាពក្នុងការចិញ្ចឹមខ្លួនឯង ដែលទាមទារឱ្យរាជរដ្ឋាភិបាលដាក់ចេញកិច្ចអន្តរាគមន៍។
សម្តេចធិបតីបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គមប៉ុណ្ណោះទេ រាជរដ្ឋាភិបាលក៏បានវិនិយោគច្រើនណាស់ទៅលើការអប់រំ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគ្គិសនីជាដើម។ កំណើនសេដ្ឋកិច្ច៧ភាគរយមុនពេលកូវីដ១៩ មិនមែនដោយសារតែនយោបាយគាំពារសង្គមនោះទេ តែជាសមិទ្ធផលកើតចេញពីគោលនយោបាយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែបន្តរក្សានយោបាយគាំពារសង្គម ហើយគោលនយោបាយរាជរដ្ឋាភិបាលមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា គោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញត្រៀមថវិកាជិត ៤៥០លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ។ គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង។ នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក ៕