រដ្ឋសភាអះអាងថា ការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលរយៈពេល៦ខែមកនេះ ទោះក្នុងរយៈពេលខ្លី តែអាចសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលការងារនៃការអនុវត្តមុខងារតាមដានការអនុវត្តច្បាប់របស់រដ្ឋសភាបានបញ្ជាក់ឱ្យដឹងថា ការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលនៅរយៈពេល៦ខែមកនេះ ទោះក្នុងរយៈពេលខ្លី តែអាចសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត។
ការបញ្ជាក់ដូច្នេះ គឺនៅបន្ទាប់ពីរដ្ឋសភាផ្តើមបំពេញមុខងារតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ក្រោយបិទបញ្ចប់សម័យប្រជុំលើកទី១ នីតិកាលទី៧របស់ខ្លួន កាលពីចុងខែធ្នូ ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា អំឡុងពេលកន្លះឆ្នាំមកនេះ គណៈកម្មការនានានៃរដ្ឋសភា បានកោះហៅសមាជិករាជរដ្ឋាភិបាល និងប្រធានស្ថាប័ននានាចំនួន១៧ស្ថាប័ន និងអង្គភាពមកប្រជុំសួរនាំ អំពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
បើតាមរដ្ឋសភាជាតិ ក្រោយការប្រជុំទាំងនេះ ស្ថាប័និតិបញ្ញត្តិដដែល បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រសួង-ស្ថាប័ន អង្គភាព ចំណុះរាជរដ្ឋាភិបាល ទោះនៅក្នុងរយៈពេលខ្លី ក៏អាចសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត។
សូមជម្រាបថា ក្រៅពីការអញ្ជើញសមាជិករាជរដ្ឋាភិបាលមកប្រជុំ សមាជិកាដ្ឋសភាទាំងអស់ បានចុះមូលដ្ឋានសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៅតាមក្រសួង ស្ថាប័ន និងមណ្ឌលនៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ និងអ្នកអនុវត្តច្បាប់ ទទួលសំណូមពរយកមកដោះស្រាយទៅតាមយន្តការរបស់រដ្ឋសភាផងដែរ៕