មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យការងារអន្តរាគមន៍កាយវះពោះប្រឡាយបូមទឹកសង្គ្រោះស្រូវប្រាំងជូនដល់ប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
ភ្នំពេញ៖ នាថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ប្រចាំខេត្តស្វាយរៀង អមដំណើរដោយ ឯកឧត្តម សរ សុដានី អភិបាលរងខេត្តស្វាយរៀង លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ហែម ស៊ីណា និងសហការី បានចុះពិនិត្យការងារអន្តរាគមន៍កាយវះពោះប្រឡាយបូមទឹកសង្គ្រោះស្រូវប្រាំង និងវឌ្ឍន្នភាព គម្រោងការងារសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដរ និងសំណង់សិល្បការ នៃប្រធារាសាស្រ្តវ៉ៃគោជំហាន២ (អាងទឹកកំពង់ជ្រៃ) ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង រួមមាន៖
-អន្តរាគមន៍បូមទឹកពីអាងទឹកកីចក បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរងមួយចំនួនទៀតតាមបណ្ដោយប្រឡាយមេកីចក ដោយប្រើម៉ាស៊ីនបូមទឹកចល័ត កម្លាំង៦៥សេះចំនួន ០៤គ្រឿង ជួយសង្គ្រោះស្រូវប្រាំងចំនួន ១៦៩០ហិកតា ស្មើនឹង ១៧២៣គ្រួសារ ស្ថិតនៅឃុំជ្រៃធំ ឃុំមុខដា ឃុំត្រពាំងស្ដៅ ស្រុករមាសហែក និងឃុំធ្មា ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។ ដោយឡែក ឃុំធ្មា និងឃុំម៉ឺនជ័យ ស្រុករំដួល នៅឆ្ងាយពីកន្លែងបូមទឹកពេក ទឹកហូរមិនទាន់ដល់ មន្ទីរធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរដែនដីស្រុករំដួល បានសម្រេចចិត្ត អន្តរាគមន៍កាយវះពោះព្រែកហែកសំណាញ់ប្រវែង ២៦០០ម៉ែត្រ ដើម្បីដាក់ម៉ាស៊ីនបូមទឹកចល័ត កម្លាំង៦៥សេះចំនួន ០២គ្រឿង បន្ថែមទៀត នាំទឹកពីអាងទឹកវ៉ៃគោ បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរងមួយចំនួនទៀតតាមបណ្ដោយប្រឡាយមេកីចក ជួយសង្គ្រោះស្រូវប្រាំងចំនួន ៤៤០ហិកតា ស្មើនឹង ៤២៩គ្រួសារ ស្ថិតនៅឃុំម៉ឺនជ័យ និងឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។
-អន្តរាគមន៍កាយវះពោះប្រឡាយមេក្រាំងលាវ ប្រវែង ២២៥០ម៉ែត្រ នាំទឹកពីព្រែកព្រំដែនកម្ពុជា-វៀតណាម ជួយសង្គ្រោះស្រូវប្រាំងចំនួន ២៨០ហិកតា ស្មើនឹង ៤០៥គ្រួសារ ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តចុះពិនិត្យវឌ្ឍន្នភាព គម្រោងការងារសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដរ និងសំណង់សិល្បការ នៃប្រធារាសាស្រ្តវ៉ៃគោជំហាន២ (អាងទឹកកំពង់ជ្រៃ) ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ។
ដោយឡែកគម្រោងនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានស្នើសុំក្រសួងធនធានទឹក និងឧតុនិយម រួមមាន៖
-ស្ដារប្រឡាយដោះទឹកប្រវែង ៥២៩១ម៉ែត្រ
-សាងសង់សំណង់សិល្បការ ចំនួន ៩កន្លែង។
ជាលទ្ធផលសម្រេចបានមានដូចខាងក្រោម៖
-ស្ដារប្រឡាយដោះទឹក ប្រវែង ៥៥០ម៉ែត្រ សម្រេចបាន១០០%។
-សាងសង់ទំនប់សណ្ដរប្រវែង ៥៥០ម៉ែត្រ សម្រេចបាន៨០%។
-សាងសង់សំណង់បិទបើកទឹក ចំនួន ២កន្លែង សម្រេចបាន ៣០%។
-ជាសរុបការងារសាងសង់ជំហាន់ទី១ សម្រេចបាន៨០%ហើយ នឹងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ។
-ដោយឡែកគិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ការអនុវត្តការងារបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករក្នុងខេត្ត សម្រេចបាន ២៨,៧៤០ហិកតា ស្មើនឹង ១៤០.២០% លើសផែនការគ្រោងទុក ២០,៥០០ហិកតា ៕