ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំត្រៀម សម្រាប់ប្រតិភូតំណាងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំការពាររបាយការណ៍ថ្នាក់ជាតិស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) នៅទីក្រុងហ្សឺណែវ
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំត្រៀម សម្រាប់ប្រតិភូតំណាងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំការពាររបាយការណ៍ថ្នាក់ជាតិស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំបានពិភាក្សា លើការងារសំខាន់ចំនួន០២៖
១.ការរៀបចំរបាយការណ៌ និងប្រមូលព័ត៌មាន សម្រាប់ប្រតិភូក្រសួងយុត្តិធម៌ ឆ្លើយតប បកស្រាយ និងបំភ្លឺ ទៅកាន់គណៈកម្មការអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) របស់អង្គការសហប្រជាជាតិ
២.ការរៀបចំក្រុមការងារក្រសួងយុត្តិធម៌ ដើម្បីប្រចាំការគាំទ្រពីភ្នំពេញទៅ ដល់ប្រតិភូក្រសួងយុត្តិធម៌ ក្នុងពេលកំពុងការពាររបាយការណ៍ នៅចំពោះមុខគណៈកម្មការអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ៕