កុំចេះតែហ៊ាន! អ្នកដែលចង់ឱ្យបាត់ដំបងមានតែយើងពីរនាក់ ត្រូវសមត្ថកិច្ចហៅសាកសួរ
ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៤នេះ មានការបង្ហោះចែកចាយយ៉ាងព្រោងព្រាតក្នុងបណ្តាសង្គមនូវឃ្លីបវីដេអូ ពីការជិះម៉ូតូបង្ហោះលើដងផ្លូវ ដោយសរសេរពីខាងលើថា (ចង់ឱ្យបាត់ដំបងមានតែយើងទាំងពីរនាក់)ដែលទិដ្ឋភាពនេះបង្កឱ្យមានការរិះគន់ពីមហាជនក្នុងបណ្តាញសង្គម។
ក្រោយឃើញរូបភាពនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះសកម្មភាពបង្កអណាធិបេតយ្យនេះ។
នៅថ្ងៃដដែលសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង ធ្វើការស្រាវជ្រាវរហូតនាំខ្លួនបុរសម្នាក់និងនារីម្នាក់ជាអ្នកបង្ហោះម៉ូតូមកកាន់អធិការដ្ឋានដើម្បីធ្វើការសាក សួរស្រាវជ្រាវហើយចំពោះការបង្កភាពអណាធិបតេយ្យរបស់ខ្លួន៕