កម្ពុជា-ព្រុយណេ បញជាក់ពីការប្តេជ្ញាចិត្ត ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pengiran Kasmirhan Bin Pengiran Haji Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសព្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល ឯកឧត្តម ឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរាជទូត បានរំលឹកឡើងវិញនូវព្រះរាជទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ព្រះចៅ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០២២ និងលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាង សម្តេចធិបតី នាយករដ្ឋមន្រ្តី និងព្រះចៅ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា កាលពីខែកញ្ញា ឆ្នាំ ២០២៣។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងព្រុយណេ លើវិស័យជា ច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ និងវប្បធម៌។ លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរាជទូតក៏បានបញ្ជាក់ពីជំហរក្នុងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ ៕