ឯកឧត្តម ម៉ប់ សារិន៖ រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ជាដៃគូដ៏មានសារៈសំខាន់ ក្នុងដំណើរការរៀបចំ និងអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ
ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់ គឺជាដៃគូដ៏មានសារៈសំខាន់ក្នុងដំណើរការរៀបចំ និងអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការនាពេលកន្លងមក។
ការថ្លែងរបស់ឯកឧត្តម ម៉ប់ សារិន បែបនេះធ្វើឡើងក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ លើកទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ឯកឧត្តម ម៉ប់ សារិន បានចូលរួមអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំ ក្រុមប្រឹក្សាសមាគម លើកទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ២០២៣ ដែលផ្តល់ឱកាសឱ្យ ក្រុមប្រឹក្សាសមាគម ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលសម្រេចបាន ដោយបាន ចែករំលែកមេរៀន បទពិសោធន៍ល្អៗ ព្រមទាំងបានកំណត់ទិសដៅការងារដែលត្រូវ បន្តអនុវត្តក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការអនុវត្តសិទ្ធិ អំណាច តួនាទី និងការទទួលខុសត្រូវស្របច្បាប់របស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់ នៅ ទូទាំង រាជធានីភ្នំពេញ។
ឯកឧត្តម បានកោតសរសើចំពោះសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ នៅក្នុងការអនុវត្តតួនាទី ភារកិច្ច ស្របតាមគោលបំណង និងទិសដៅ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន រាជធានី ភ្នំពេញ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា អង្គអភិបាលកិច្ចនៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន រាជធានីភ្នំពេញ អាណត្តិទី៣ នេះនឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីរបស់ខ្លួន ដើម្បីនាំ មកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់សមាជិករបស់ខ្លួន។
ឯកឧត្ដមប្រធានក្រុមប្រឹក្សា បន្ថែមថា យោងតាមសមាគមអាជ្ញាធរមូលដ្ឋានពិភពលោក (UCLG) ដែលមានការិយាល័យ នៅប្រទេសអេសស្បាញ ក្នុងនោះសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក៏ជា សមាជិកសមាគមអន្តរជាតិនេះផងដែរ បានឲ្យដឹងថា នាពេលបច្ចុប្បន្នមានប្រទេស ជាង ១១៥ នៅលើពិភពលោក មានសមាគមអាជ្ញាធរមូលដ្ឋាន ឬសមាគមទីក្រុង ក្នុងប្រទេសរបស់ខ្លួន។
ឆ្លៀតក្នុងឪកាសនេះ ឯកឧត្ដមប្រធានក៏បានចូលរួមចែករំលែក និង បទពិសោធន៍ ខ្លះៗ ពីសមាគមអាជ្ញាធរមូលដ្ឋានទាំងនេះ ដែលត្រូវបានទទួលស្គាល់ជាសកល និង មានតួនាទីសំខាន់ៗ ដូចខាងក្រោម៖
-ជាមជ្ឈមណ្ឌលចងក្រងឯកសារ និងប្រមូលផ្តុំព័ត៌មានអំពីក្រុមប្រឹក្សានៅថ្នាក់ ក្រោមជាតិ
-ជាវេទិកាសម្រាប់ផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន គោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន និងគោលការណ៍ណែនាំផ្សេងៗរបស់រដ្ឋាភិបាលជាតិ ដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដែលជាសមាជិករបស់សមាគម។
-ជាយានសម្រាប់ពាំនាំបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដើម្បីជម្រាបជូនរាជរដ្ឋាភិបាល ក្នុងបំណងស្វែងរកដំណោះស្រាយ
-ជាសម្លេងរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិក្នុងការស្វែងរកការគាំទ្រ និងការ ការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ
-ជាអ្នកផ្តល់សេវាពិគ្រោះយោបល់ និងការកសាងសមត្ថភាពដល់សមាជិក របស់ខ្លួនជាក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ
-ជាយន្តការសម្រាប់ឲ្យក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ចែករំលែកចំណេះដឹងមេរៀន និង បទពិសោធន៍ល្អៗ ទាក់ទងនឹងការងារអភិបាលកិច្ច ការងារអភិវឌ្ឍន៍ មូលដ្ឋាន និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លើកឡើងថា ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ប្រទេសដែលមានសមាគមអាជ្ញាធរ មូលដ្ឋាន រួមមាន ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន វៀតណាម និង ប្រទេសកម្ពុជារបស់យើង។ ជារួម រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់តួនាទីដ៏សំខាន់ របស់សមាគម អាជ្ញាធរមូលដ្ឋាន នៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ក្រសួងមហាផ្ទៃបានគាំទ្រនូវការបង្កើតឡើងសម្ព័ន្ធភាពជាតិឃុំ សង្កាត់ នាឆ្នាំ២០០៦ និងសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នាឆ្នាំ២០១៣ ហើយក្នុងឆ្នាំ២០១៤ សម្ព័ន្ធភាពជាតិឃុំ សង្កាត់ បានរៀបចំមហាសន្និបាត ដោយបញ្ចូលក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ បង្កើតជា “សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់” ហៅ កាត់ថា “សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន”។ នាពេលបច្ចុប្បន្ន នៅប្រទេសកម្ពុជា មានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចុះ បញ្ជីផ្លូវការចំនួន ៣ ប្រភេទគឺ (១) សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឬហៅថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន (២) សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅ ២៥ រាជធានី ខេត្ត ឬហៅថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅថ្នាក់រាជធានី ខេត្ត ដូចរាជធានីភ្នំពេញ យើង មានសមាគមក្រុមប្រឹក្សា ខណ្ឌ សង្កាត់ រាជធានីភ្នំពេញ ដែលមាន លោក ម៉ៅ បូរ៉ា ជាប្រធាន និង (៣) សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ឬហៅថា សមាគម ក្រុមប្រឹក្សាថ្នាក់តំបន់។
ឯកឧត្ដមបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់ គឺជាដៃគូដ៏មានសារៈសំខាន់ក្នុងដំណើរការរៀបចំ និងអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការនាពេលកន្លងមក។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល សង្ឃឹម យ៉ាងមុតមាំថា សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នឹងបន្តចូលរួមកាន់តែ សកម្មបន្ថែមទៀតក្នុងដំណើរការរៀបចំ និងអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (ឆ្នាំ២០២១-២០៣០) ជាដំណាក់កាលធ្វើទំនើបកម្មប្រព័ន្ធ រចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោម ជាតិ ស្របតាមគោលនយោបាយវិមជ្ឈការ និងក្នុងស្មារតីនៃការលើកកម្ពស់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ និងភាពម្ចាស់ការរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជូន ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម» ។
លោកបន្ថែមទៀតថា ទោះបីក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបង្កើតឡើង តាមរយៈការ បោះឆ្នោតដោយផ្ទាល់ក្តី និងដោយអសកលក្តី គឺត្រូវធ្វើជាតំណាងសម្លេង និងផល ប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗ។ ផ្អែកតាមច្បាប់រៀបចំអង្គការ ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិអំណាចខាង បញ្ញត្តិ និងខាងប្រតិបត្តិ និងត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋ អំពីការធ្វើសេចក្តីសម្រេចចិត្តក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ ក្នុងការអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមសូមគូសបញ្ជាក់នូវកិច្ចការចាំបាច់ ជាក់លាក់ចំពោះមុខ មួយចំនួន ដូចខាងក្រោម៖
ទី១៖ រដ្ឋបាលខណ្ឌ និងសង្កាត់ ទាំងអស់ត្រូវផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងចូលរួមអនុវត្តឱ្យបានជោគជ័យ នូវគោលនយោបាយ “ភូមិ-សង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលថ្មីៗនេះ ផែនការណែនាំស្តីពីការចាត់តាំងអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់ មានសុវត្ថិភាព” ត្រូវបានកែលម្អ ឱ្យស្របតាម បរិបទ នៃការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ ដែលមានលក្ខណសម្បត្តិ ៧ យ៉ាង៖
១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤. គ្មានអំពើអនាចារ គ្មានការជួយញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦. មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ
៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺ រាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។ ដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប។ទី២៖ រដ្ឋបាលខណ្ឌ និងសង្កាត់ទាំងអស់ ដោយថ្មីៗនេះរដ្ឋាភិបាលកម្ពុជា បានចេញគោលការណ៍ដឹកនាំថ្មី ត្រូវចូលរួមអនុវត្តវិធានការ និងទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ ដោយ៖
១. យើងត្រូវចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ទៅតាមគ្រប់រូបភាពដែល អាចធ្វើទៅបាន។
២. ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកអោយបានតឹងរឹងបំផុត
៣. គួរកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ តាមទីសាធារណៈ ផ្សព្វផ្សាយ និងបន្តចុះណែនាំដល់ ភោជនីយដ្ឋានអាហារដ្ឋាន អាជីវកម្មដ្ឋាន តូបលក់ដូរ ឲ្យលក់តាមច្បាប់បានកំណត់។
ទី៣៖ ក្រុមប្រឹក្សាសង្កាត់ទាំងអស់ សូមធ្វើយ៉ាងណារក្សាសុខភាពឲ្យល្អ ដើម្បីត្រៀមលក្ខណៈ ចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាព នីតិកាលទី៥ ឆ្នាំ២០២៤ និងត្រៀមលក្ខណៈក្នុងការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្ស នយោបាយ ធ្វើយ៉ាងឲ្យស្របតាមច្បាប់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។
មុននឹងបញ្ចប់ ឯកឧត្ដមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋានរាជធានីភ្នំពេញ ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបង្កើតសមិទ្ធផលធំៗជាច្រើន និងបានចូលរួមចំណែក យ៉ាងសកម្មក្នុងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់នៅក្រសួង មហាផ្ទៃ។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានស្នើឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាល ខណ្ឌ សង្កាត់ ក្នុងរាជធានីភ្នំពេញ បន្តការគាំទ្រដល់ការអនុវត្តសកម្មភាពរបស់សមាគម ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានា ដែលសមាជិកកំពុងជួបប្រទះក្នុងការ ផ្តល់សេវាជូនប្រជាពលរដ្ឋ។
ឯកឧត្ដម ក៏បានថ្លែងអំណរគុណផងដែរដល់ដៃគូអភិវឌ្ឍន៍នានា ដែលបានផ្ដល់ការគាំទ្រ ដល់ដំណើរការបង្កើត និងការពង្រឹងសមត្ថភាពស្ថាប័ន របស់សមាគមក្រុមប្រឹក្សាថ្នាក់ មូលដ្ឋានរាជធានីភ្នំពេញ ហើយឯកឧត្ដមក៏អំពាវនាវ ឱ្យមានការគាំទ្រដល់ សមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន រាជធានីភ្នំពេញ ជាបន្តទៀត ៕