ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសេវាលិខិតឆ្លងដែន Online
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសេវាលិខិតឆ្លងដែន Online។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម បណ្ឌិត អគ្គនាយក ថ្លែងអំណរគុណដល់នាយកដ្ឋានលិខិតឆ្លងដែន និងនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំប្រព័ន្ធនេះឡើង ព្រមទាំងតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងក្រុមហ៊ុន HSC ដែលបានជួយពិនិត្យ និងផ្តល់យោបល់ លើការងារនេះ។
បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាព នៃការរៀបចំសេវាលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេវាអត្រានុកូលដ្ឋាន តាមប្រព័ន្ធ online។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមការដឹកនាំប្រកបដោយសុច្ឆន្ទៈ និងគោលដៅច្បាស់លាស់ របស់ឯកឧត្តម អគ្គនាយក និងអនុលោមតាមគោលដៅយុត្តិសាស្ត្រទី៥របស់គ្រឹះស្ថានជាតិ ស្តីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ ចែងថា កែសម្រួលរបៀបរបបការងារ និងដាក់ឱ្យដំណើរការតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ដូចនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងតាមប្រព័ន្ធ online នូវសេវាទាំងអស់រួមមាន សេវាលិខិតឆ្លងដែន សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សេវាអត្រានុកូលដ្ឋាន ជាមុនសិន ដោយឡែកសេវាពីរផ្សេងទៀតគឺ សេវាចុះបញ្ជីស្នាក់នៅ និងសេវាសញ្ជាតិ នឹងគ្រោងដាក់ឱ្យដំណើរការតាមក្រោយ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយការិយាល័យ ព្រមទាំងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម អគ្គនាយករង តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការី ព្រមទាំងតំណាងក្រុមហ៊ុន HSC ផងដែរ ៕