មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងជូនប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង
ភ្នំពេញ៖ នៅថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងសហការីបានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពទឹក និងកិច្ចអន្តរាគម៍បូមទឹកសង្រ្គោះស្រូវប្រាំងចំនួន ៨,៧៩២ហិកតា នៅស្រុកបាភ្នំ ស្រុកពាមជរ និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា កិច្ចអន្តរាគមន៍បានប្រើប្រាស់ស្ថានីយបូមទឹកចំនួន ៤កន្លែង ដើរដោយថាមពលអគ្គិសនីដែលស្ថិតនៅក្នុងគម្រោងទំនប់ការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក ខេត្តព្រៃវែង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងនេះបានចាប់ផ្ដើមតាំងពីដើមខែធ្នូ ឆ្នាំ២០២៣ ហើយត្រូវបន្តអន្តរាគមន៍បូមរហូតដល់ការប្រមូលផលស្រូវប្រាំង។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករនៅឃុំធាយ ស្រុកបាភ្នំ ដើម្បីសង្រ្គោះស្រូវប្រាំងចំនួន ១៦០ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ២គ្រឿង បូមទឹកចេញពីអាងទឹកស្នេហ៍ និងកិច្ចអន្តរាគមន៍បូមទឹកនៅឃុំអង្គរអង្គ ស្រុកពាមជរ ដើម្បីសង្គ្រោះស្រូវចំនួន ១៥០ហិកតា ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន១គ្រឿង បូមទឹកពីទន្លេតូច ៕