កងវិស្វកម្មពហុជំនាញលេខ៨៣៦ ធ្វើយុទ្ធដំណើរប្តូរវេនទៅបំពេញបេសកកម្មនៅសាធារណរដ្ឋលីបង់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កងវិស្វកម្មពហុជំនាញលេខ៨៣៦ ធ្វើយុទ្ធដំណើរប្តូរវេនទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្រោមអធិបតីភាពជូនដំណើរដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
នាឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំពាក្យពេចន៍ផ្តាំផ្ញើជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយកឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងក្នុងពិធីសំណេះសំណាលដូច្នេះថា វិស្វកម្មពហុជំនាញលេខ៨៣៦ បានឆ្លងកាត់ការហ្វឹកហ្វឺនតាមបទដ្ឋានរបស់អង្គការសហប្រជាជាតិ ទាំងការហ្វឹកហ្វឺនទូទៅ និងការហ្វឹកហ្វឺនស្នូល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងតំបន់បេសកកម្ម។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែម កងនេះនឹងដឹកនាំដោយមេកងជានារី ដែលជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់ អង្គការសហប្រជាជាតិ សំដៅលើកម្ពស់ស្ត្រីទាំងបរិមាណ និងគុណភាព ដើម្បីចូលរួមប្រដមប្រសមជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងក្នុងតំបន់បេសកកម្ម និងជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការចូលរួមរបស់ស្រ្តីឱ្យបានលើសពី២០% ទាំងក្នុងកង និងជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។
មកដល់ពេលនេះ កម្ពុជាបានបញ្ជូនកម្លាំងចូលរួមបេសកកម្មក្រោមឆ័ត្រ អសប សរុបចំនួន៩,៤៦៥នាក់ ដែលក្នុងនោះមាននារីចំនួន៨០១នាក់ ទៅកាន់បេសកកម្មចំនួន១២ក្នុងប្រទេសចំនួន១០មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រឺស ម៉ាលី យេម៉ែន និងកុងហ្គោ។ បច្ចុប្បន្ន កម្លាំងមួកខៀវកម្ពុជាចំនួន៦៤០នាក់ ក្នុងនោះមាននារីចំនួន១១៥នាក់ កំពុងបំពេញបេសកកម្មមិនខ្លាចនឿយហត់ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល ម៉ាលី និងកុងហ្គោ ៕