សម្តេចធិបតី៖ នៅខែក្រោយនេះ សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅអូស្ត្រាលី
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចបន្តថា ការចេញទៅអូស្ត្រាលី លើកដំបូងនេះ ក៏មិនខុសលើកមុនៗដែល គឺចេញទៅដើម្បីកៀរគរក្រុមអ្នកវិនិយោគិនបរទេសមកណ្តាក់ទុននៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ពន្យល់ថា ពាក្យថា ទាក់ម៉ូយនេះ គឺសម្តេចដើរកៀរគរ ដើរផ្សព្វផ្សាយ ដើរទៅបង្ហាញនូវសក្តានុពលកម្ពុជា ទៅកាន់អ្នកវិនិយោគិនបរទេស ដោយសង្ឃឹមថាវិស័យឯកជនដែលកំពុងធ្វើសកម្មភាពនៅកម្ពុជា សូមបន្តទុកចិត្តកម្ពុជា ព្រមទាំងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ ជាមួយគ្នានេះដែរ តាមរយៈការដើរបង្ហាញនូវសក្តានុពលកម្ពុជា ក៏មានក្រុមអ្នកអ្នកវិនិយោគិនបរទេសចាប់អារម្មណ៍មកបណ្តាក់ទុននៅកម្ពុជា ជាបន្តបន្ទាប់។
សម្តេចធិបតីបញ្ជាក់ថា គោលដៅធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើតការងារ ជូនប្រជាពលរដ្ឋ ខណៈតួអង្គការងារនៅក្នុងប្រទេសកម្ពុជារួមមាន៖ មន្រ្តីរាជការ អង្គការក្រៅរដ្ឋាភិបាល ស្វ័យនិយោជ និងវិស័យឯកជន ដែលទាំងអស់នេះ គឺជាតួអង្គដែលបង្កើតការងារប្រកបដោយចីរភាព ដែលជួយជំរុញសេដ្ឋកិច្ចកម្ពុជា បានរីកចម្រើនដោយចីរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា រាល់ពេលដែលសម្តេចបានលើកឡើងពីការចេញទៅទាក់ម៉ូយ កៀរគរ ក្រុមអ្នកវិនិយោគិនបរទេស ឱ្យមកណ្តាក់ទុននៅកម្ពុជា គឺតែងតែមានបុគ្គលមួយចំនួនសើចចំអកថា រាជរដ្ឋាភិបាលអួត ខណៈដែលមានក្រុមហ៊ុនមកពីបរទេសជាច្រើនដើម្បីសិក្សាពីលទ្ធភាពនៃការវិនិយោគបែរជាចោទថាក្រុមហ៊ុនទាំងនោះជាក្រុមហ៊ុនចិនទៅវិញ ៕