បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យវាយតម្លៃ លក្ខណៈសម្បត្តិយោធិន ដាក់ឲ្យចូលសោធននិវត្តន៍ឆ្នាំ២០២៤
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំក្រុមការងារវាយតម្លៃលក្ខណៈសម្បត្តិយោធិន ត្រូវដាក់ឲ្យចូលសោធននិវត្តន៍ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ និងជាប្រធានក្រុមការងារត្រួតពិនិត្យវាយតម្លៃលក្ខណៈសម្បត្តិដាក់យោធិនឲ្យចូលសោធននិវត្តន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីសម្រេច នៃការរៀបចំក្រុមការងារវាយតម្លៃលក្ខណៈសម្បត្តិយោធិនដាក់ឲ្យចូលសោធននិវត្តន៍ និងបញ្ជាក់ជូនអំពីផែនការកំណត់របស់យោធភូមិភាគទី៤ និងផែនការរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្តីពីការដាក់យោធិនឲ្យចូលសោធននិវត្តន៍ នៅតាមកងឯកភាពនិងស្ថាប័នចំណុះទីបញ្ជាការសម្រាប់ឆ្នាំ២០២៤ ដើម្បីដាក់ជូនអង្គប្រជុំ ក្រុមការងារពិភាក្សានិងសម្រេច ដើម្បីអនុវត្តន៍ផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនអង្គប្រជុំអំពីការណែនាំរបស់ថ្នាក់ដឹកនាំអគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្ដីអំពីលក្ខណៈសម្បត្តិ ដែលត្រូវវាយតម្លៃដាក់យោធិនឲ្យចូលសោធននិវត្តន៍ នៅឆ្នាំ២០២៤នេះ ។
ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណចំពោះយោធិន ដែលស្ម័គ្រចិត្តនិងមានគ្រប់លក្ខខណ្ឌត្រូវបានដាក់ឲ្យចូលសោធននិវត្តន៍ ដែលកន្លងមកបងប្អូនបានខិតខំប្រឹងប្រែងតស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការប្រយុទ្ធ និងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិនិងមាតុភូមិ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមថា ក្រោយពេលថ្នាក់លើបានសម្រេចដាក់បងប្អូនឲ្យចូលសោធននិវត្តន៍ និងប្រកាសជាផ្លូវការ បងប្អូននឹងត្រូវបានទៅរស់នៅតាមមូលដ្ឋាននានា ហើយបងប្អនត្រូវបានទទួលមើលការថែទាំបន្ត និងទទួលបានអត្ថប្រយោជន៍សំខាន់ៗមួយចំនួនទៀតពីគណ: កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងនៅតាមគ្រប់បណ្ដាថ្នាក់ ដើម្បីជួយដោះស្រាយរាល់ការលំបាកខ្វះខាត និងជីវភាពរស់នៅរបស់បងប្អូនយោធិនឲ្យបានសមរម្យផងដែរ ៕