អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងការអនុវត្តវិធានការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសចូលឆ្នាំចិន
ភ្នំពេញ៖ នៅក្នុងសេចក្ដីណែនាំ ស្តីពីការពង្រឹងការអនុវត្តន៍វិធានការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់ លោកស្នងការនគរបាលខេត្ត លោកមេបញ្ហាការកងរាជអាវុធហត្ថខេត្ត ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្ត ដូចខាងក្រោម៖
១-ស្នងការដ្ឋាននគរបាលខេត្ត បញ្ញាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់និង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នារៀបចំឱ្យមានកងកម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈនៅតាមដងផ្លូវសាធារណៈ និងទីតាំងផ្លូវបំបែកនានា ដើម្បីជួយសម្រួលចរាចរណ៍ដល់ភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិដែលធ្វើដំណើរតាមដងផ្លូវឱ្យមានសណ្ដាប់ធ្នាប់ល្អនិងបញ្ចៀសការកកស្ទះចរាចរណ៍ ជាមួយ គ្នានេះដែរ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ដោយដាក់កម្លាំងយាមប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង នៅតាមគោល ដៅនានា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពល្អប្រសើរ ទប់ស្កាត់អំពើលួច ឆក់ ប្លន់ការប្រើប្រាស់គ្រឿងស្រវឹងនិង ក្មេងទំនើង។
២-រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវធ្វើការណែនាំដល់បងប្អូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន មិនត្រូវដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ឬហែរក្បួនផ្សេងៗ ដែលគ្មានការអនុញ្ញាត ពិសេសការចាក់ធុងបាស់ ខ្លាំងៗធ្វើឱ្យរំខានដល់អ្នកជិតខាងឡើយ និងណែនាំដល់បងប្អូន ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាំច បង្កឱ្យមានគ្រោះអគ្គីភ័យ។
ទទួលបានសេចក្ដីណែនាំនេះ លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកម បញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ឯកឧត្តម លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ត្រូវ អនុវត្តតាមសេចក្ដីណែនាំនេះឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕