ភាពស្អាតដែលសាយភាយចេញពីបេះដូងប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យរមណីយដ្ឋានអង្គរកាន់តែល្បីរន្ទឺ
ភ្នំពេញ៖ ភាពវិជ្ជមាននៃកំណើនកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានលេចឡើងជាបន្តបន្ទាប់ រាប់ចាប់ពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករកម្មការនី ហើយឥឡូវនេះបានបន្តដល់អាជ្ញាធរជាតិអប្សរាហើយ ដោយថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានប្រកាសព្យាយាមកាត់បន្ថយ
ការប្រើប្រាស់ប្លាស្ទិក តាមរយៈការប្រើរបងឫស្សីហ៊ុមព័ទ្ធតាមការដ្ឋានជួសជុលជំនួសឱ្យការប្រើប្លាស្ទិកគ្រប។
បន្ទាប់ពីបានឃើញការចេញផ្សាយអត្ថបទអមដោយរូបភាពរបស់អាជ្ញាធរជាតិអប្សរានេះ ប្រជាពលរដ្ឋអ្នកស្រឡាញ់បរិស្ថានបានគាំទ្រយ៉ាងខ្លាំងចំពោះការអនុវត្តបែបនេះរបស់អាជ្ញាធរជាតិអប្សរា ហើយពួកគាត់យល់ឃើញថា ការផ្តើមជាគំរូស្អាតចេញពីតំបន់រមណីយដ្ឋានអង្គរ នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះប្រាសាទអង្គរវត្តខ្មែរកាន់តែល្បីរន្ទឺឡើង ល្បីត្រង់ថាអង្គរជាបតិកភ័ណ្ឌល្អឯកតែមួយគ្មានពីរហើយ នៅជុំវិញបរិវេណជុំអង្គរក៏ស្អាត មិនមានការបំពុលដោយសំណល់ប្លាស្ទិកទៀត ហើយចំណែកឯការតម្រៀបឫស្សីធ្វើជារបងហ៊ុមព័ទ្ធតាមការដ្ឋានជួសជុលអង្គរនេះទៀតសោត គឺបានផ្តល់សម្រស់ល្អមួយបែបផង និងជួយបង្កើនចំណូលដល់ប្រជាសហគមន៍អ្នកដាំឫស្សីផង។
គួរជម្រាបជូនថា ការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជាដើមឫស្សីជំនួសប្លាស្ទិកនេះ នឹងផ្តល់ការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ធ្វើឱ្យបរិស្ថាននៅតាមការដ្ឋានក្នុងឧទ្យានអង្គរកាន់តែប្រសើរឡើង៕