ឯកឧត្ដម ម៉ៅ សុផាន់៖ តាមរយៈលទ្ធផលបោះឆ្នោត២លើកកន្លងទៅ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៅតែត្រូវការតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ បានបញ្ជាក់ថា តាមរយៈលទ្ធផលបោះឆ្នោត២លើកកន្លងទៅ គឺបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ កន្លងទៅ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៅតែត្រូវការតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្ដម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ បានបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
ថ្លែងក្នុងឱកាសនេះឯកឧត្ដម ម៉ៅ សុផាន់ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអនុប្រធានគណបក្ស និងសូមវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងនៅទូទាំងខេត្តព្រះវិហារ ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។
ឯកឧត្ដមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ បន្ថែមថា ទន្ទឹមនិងនេះ ទោះបីជាការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកលក៏ពិតមែន ក៏ប៉ុន្តែគឺជាព្រឹត្តិការណ៍នយោបាយប្រវត្តិសាស្រ្ត ដ៏មានសារៈសំខាន់នៃព្រះរាជាណាចក្រកម្ពុជា ព្រោះថា អ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានកើតចេញពីឆន្ទៈរបស់ប្រជាជន។
ជាមួយគ្នានោះ ឯកឧត្ដម ម៉ៅ សុផាន់ ក៏បានអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ខេត្តព្រះវិហារ គណៈកម្មាធិការគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោត សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងយុទ្ធនាការឃោសនានេះឱ្យបានសកម្មបំផុត ដើម្បីបង្ហាញអំពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់បក្ស ដោយត្រូវប្រកាន់ខ្ជាប់ភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ៕