ឯកឧត្ដម វង្សី វិស្សុត ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ មណ្ឌលភូមិភាគទី៨ នៅខេត្តកំពង់ធំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំនៃគណបក្សប្រជាជនកម្ពុជា បានចូលរួមធ្វើអធិបតីភាពបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ មណ្ឌលភូមិភាគទី៨ នៅខេត្តកំពង់ធំ។
នៅក្នុងពិធីបើកយុទ្ធនាការនេះ មានការអញ្ជើញចូលរួមពីប្រធានកិត្តិយសនៃក្រុមការងារចុះមូលដ្ឋាន ថ្នាក់ដឹកនាំជាអនុប្រធាន បេក្ខជនឈរឈ្មោះសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ នៃភូមិភាគទី៨ ដែលជាអង្គបោះឆ្នោតទាំងអស់ក្នុងខេត្តកំពង់ធំ។
ក្នុងពីធីនោះដែរ ថ្លែងទៅកាន់អង្គបោះឆ្នោតប្រមាណជាង៤០០នាក់ ឯកឧត្ដម វង្សី វិស្សុត បានគូសរំលេចពីសមិទ្ធផល និងស្នាដៃជាច្រើនក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានក្រើនរំលឹកឱ្យសមាជិកសមាជិកាគណបក្សថ្នាក់ខេត្ត ស្រុកខណ្ឌ ឃុំសង្កាត់ រហូតដល់ភូមិខិតខំបម្រើសេវាសាធារណជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំឱ្យអស់ពីកម្លាំងកាយចិត្ត។ ខិតខំធ្វើអំពើល្អ កាចបន្ថយអសកម្មនានា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន។
ឯកឧត្ដមបានផ្តាំផ្ញើដល់អង្គបោះឆ្នោតឱ្យសូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត (បាត់ ឬផុតសុពលភាព) តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោតឱ្យបានជាប់ជាប្រចាំគោរពខ្ជាប់ខ្ជួននូវច្បាប់ បទប្បញ្ញត្តិ បទបញ្ជា និងបំរាមនានាពាក់ព័ន្ធនឹងការបោះឆ្នោត។
ជាមួយគ្នានោះឯកឧត្ដម បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងមូលក្នុងខេត្តកំពង់ធំ ត្រូវធ្វើយ៉ាងណារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោត ក្នុងគោលដៅបង្កើតបានបរិយាកាសនយោបាយល្អប្រសើរប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕