ឯកឧត្ដម ខូយ រីដា ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងរៀបចំសោភ័ណភាពសួនច្បារ និងសម្អាតច្រាំងស្ទឹងពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងរៀបចំសោភ័ណភាពសួនច្បារ និងសម្អាតច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចស្ពានថ្មថ្មីទល់មុខសាលាខេត្ត រហូតដល់ក្បាលហុងចុងកោះសំពៅមាស ត្រើយខាងកើតស្ទឹង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ខូយ រីដា បានឱ្យដឹងថា ក្នុងនាមរដ្ឋបាលខេត្ត លោកបានរៀបចំកែប្រែសោភណ្ឌភាពនៅក្នុងទីប្រជាជនក្រុងពោធិ៍សាត់ ពិសេសនៅតាមដងស្ទឹងពោធិ៍សាត់ ដែរឥឡូវនេះ យើងកំពុងតែធ្វើជារៀងរាល់ថ្ងៃ គឺពាក់ព័ន្ធនឹងបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងរៀបចំតាមច្រាំងស្ទឹង ដើម្បីឱ្យក្លាយជាសួន និងច្រាំងដ៏រឹងមាំ មានភាពទាក់ទាញពីសំណាក់ទេសចរជិតឆ្ងាយ។ ការរៀបចំច្រាំងស្ទឹងនេះឡើង គឺជាគុណប្រយោជន៍ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងផ្តល់ទីកន្លែងដល់ពុកម៉ែបងប្អូន អាចហាត់ប្រាណអង្គុយកម្សាន្តបាន តាមដងស្ទឹង។ បើយើងមិនរៀបចំទេនោះ យើងប្រាកដជាមិនដឹងអ្វីជាសោភណ្ឌភាព ហើយទីប្រជុំជនខេត្តពោធិ៍សាត់ មិនដឹងថានៅកន្លែងណាច្បាស់លាស់នោះទេ។
ពិតណាស់កោះសំពៅមាស មានភាពល្អប្រសើរហើយ តែនៅជុំវិញកោះ ហាក់បីគ្មានសោភ័ណភាព ពីព្រោះមានផ្ទះប្រជាពលរដ្ឋ មានបន្ទប់ទឹកមាត់ស្ទឹង ដែលនេះវាហាក់បីដូចជាបង្អាប់មុខមាត់ខេត្តរបស់ខ្លួន យ៉ាងដូច្នេះឯង។ ឯកឧត្ដមក៏សូមថ្លែងអំណរគុណ និងសូមធ្វើការកោតសរសើរ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងទាំងអស់ ដែលមានការចូលរួមតាមសំណូមពរ របស់អាជ្ញាធរ ស្ម័គ្រចិត្តរុះរើរោង ឬខ្ទម ងាយស្រួលដល់ការអភិវឌ្ឍន៍គម្រោង។
ជាមួយគ្នានោះ ឯកឧត្ដមក៏ពេញចិត្ត និងប្តេជ្ញាខិតខំប្រឹងរៀបចំច្រាំងស្ទឹង សួនច្បារ ដាំផ្កា តាំងភ្លើងលំអរនេះឡើង ដើម្បីប្រគល់ជូនទៅពួកគាត់វិញ សម្រាប់ប្រើប្រាស់អង្គុយកម្សាន្ត ដើរហាត់ប្រាណ និងជាពិសេសទាក់ទាញភ្ញៀវទេសចរ មកខេត្តពោធិ៍សាត់កាន់តែច្រើនឡើង។
ឯកឧត្ដមអភិបាលខេត្តបានបន្ថែមថា ចំណុចដែលយើងត្រូវចាប់ផ្តើមដំបូងនោះ គឺចាប់ពីស្ពានថ្មថ្មីទល់មុខសាលាខេត្ត រហូតដល់ក្បាលហុងចុងកោះសំពៅមាស ត្រើយខាងកើតស្ទឹង។ ក្រៅពីនោះ ឯកឧត្ដមសូមស្នើដល់អាជ្ញាធរ និងប្រជាពលរដ្ឋ សហការគ្នាចូលរួមរុះរើបន្តបន្ទាប់ទៀត ដើម្បីកែប្រែសោភណ្ឌភាពក្រុងពោធិ៍សាត់ ក៏ដូចជាខេត្តពោធិ៍សាត់របស់យើង ឱ្យស្រស់បំព្រង ជាជីវិតយើងទាំងអស់គ្នា។
ឯកឧត្ដម ខូយ រីដា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនកាដូ ជាស្ពានអាកាសផ្លូវវាងក្រុងពោធិ៍សាត់ មានប្រវែងជាង៥០០ម៉ែត្រ ដែលយើងពុំធ្លាប់មានទាល់តែសោះពីអតីតកាលមក។ នេះដោយសារតែប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ បានគាំទ្រគោលនយោបាយ បន្តផ្តល់ឱកាសដល់រាជរដ្ឋបាលបន្តវេន ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ បានបន្តដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍ ជឿនលឿនទៅមុខជាលំដាប់៕