យប់ថ្ងៃទី១៩ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចឃាត់យានយន្តល្មើស ១០០គ្រឿង
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី១៩ គឺយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចឃាត់យានយន្តល្មើស ចំនួន ១០០គ្រឿង ក្នុងនោះរថយន្តចំនួន ៣៦គ្រឿង និងម៉ូតូចំនួន ៦៤គ្រឿង។
លោកបន្តថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា «នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់យានយន្តល្មើស ចំនួន ១០០គ្រឿង (រថយន្តចំនួន ៣៦គ្រឿង, ម៉ូតូចំនួន ៦៤គ្រឿង) ដែលក្នុងនោះរួមមាន៖ ល្មើសជាតិស្រវឹងចំនួន ៦១គ្រឿង កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន ៣៤គ្រឿង អ្នកបើកបរម៉ូតូចំនួន ២១នាក់ អ្នកបើកបររថយន្តចំនួន ១៣នាក់ ដោយឡែក កម្រិត ០.៤០ mg/L ឡើងចំនួន ២៧គ្រឿង ក្នុងនោះមាន អ្នកបើកបរម៉ូតូចំនួន ២១នាក់ និងអ្នកបើកបររថយន្តចំនួន ០៦នាក់ ចំពោះបទល្មើសផ្សេងៗចំនួន ៣៩គ្រឿង ក្នុងនោះអត់ពាក់មួកសុវត្ថិភាពចំនួន ២១គ្រឿង, រថយន្តគ្មានប័ណ្ណបើកបរចំនួន ១៣គ្រឿង, រថយន្តជិះបញ្ច្រាសទិសចំនួន ០១គ្រឿង, រថយន្តកែច្នៃភ្លើងចំនួន ០៣គ្រឿង, អ្នកបើកបរម៉ូតូផ្ទុកសារធាតុជាតិចំនួន ០១នាក់»។
ក្នុងនោះផងដែរលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានហាមដាច់ខាតមិនឱ្យមានការអន្តរាគមន៍ ក្នុងករណីណាមួយដែលមានការអន្តរាគមន៍ពាក់ព័ន្ធការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរទទួលទានជាតិស្រវឹង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ។
ជាមួយគ្នានោះលោកអ្នកនាំពាក្យបានអំពានាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លួវសាធារណៈ ត្រូវមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍មានបញ្ហាកើនឡើងនៅពេលយប់។ ដូច្នេះ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំពិសារគ្រឿងស្រវឹងនៅពេលបើកបរ ៕