រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះទៅពិនិត្យជាក់ស្តែងផ្លូវបេតុងមួយខ្សែ តភ្ជាប់ពីភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅភូមិទួលឃ្លាំង ស្រុកអូររាំងឪ
ភ្នំពេញ៖ នាថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសគម្រោង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉េង សម្បត្តិ អភិបាលរង នៃគណអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះទៅពិនិត្យជាក់ស្តែងផ្លូវបេតុងមួយខ្សែប្រវែង ៤,៣២០ម៉ែត្រ តភ្ជាប់ពីភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅភូមិទួលឃ្លាំង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះបានទទួលរងការខូចខាតដោយសារបាក់ច្រាំងទន្លេប្រវែង ១២០ម៉ែត្រ។ ដើម្បីការពារសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវដែលរងការខូចខាតនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់ផ្លូវវាងថ្មីមួយទៀត ដែលមានមានប្រវែង ១,៥០០ម៉ែត្រ ដើម្បីជំនួសខ្សែផ្លូវដែលរងការខូចខាតនេះ។
បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាស្ពានចំនួន ៣កន្លែងដូចខាងក្រោមនេះ ៖
-ស្ពានទី១ (ស្ពានអណ្តូងប្រេង) ស្ថិតលើផ្លូវ TK1 មានប្រវែង ៣៨,១២ ម៉ែត្រ និងទទឹង ៨ ម៉ែត នៅក្នុងភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយសម្រេចបាន ៨៥%។
-ស្ពានទី២ (ស្ពានព្រែកសណ្ដាយ) ស្ថិតលើផ្លូវ TK1 មានប្រវែង ៣០ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ នៅក្នុងភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយសម្រេចបាន ៨៦%។
-ស្ពានទី៣ (ស្ពានអុងជឺ) ស្ថិតលើផ្លូវ TK2 មានប្រវែង ៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយសម្រេចបាន ៨៤%។
ស្ពានទាំង ៣កន្លែងនេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ហើយគ្រោងនឹងដាក់ឱ្យប្រពលរដ្ឋប្រើប្រាស់នៅមុនពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ គម្រោងស្ថាបនានេះស្ថិតក្នុងក្របខណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី បានអញ្ជេីញបន្តដំណេីទៅត្រួតទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងអាកាសធាតុ ស្ថិតក្នុងខេត្តព្រៃវែង ដែលមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង និងប្រតិភូ។ ខ្សែផ្លូវទាំង ២ខ្សែនោះរួមមាន៖
ខ្សែផ្លូវទី១៖ (ភូមិក្ដឿងរាយ ទៅសាលាស្រុកកញ្រ្ជៀច) មានប្រវែង ៧,២៥គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកញ្រ្ជៀច ខេត្តព្រៃវែង លាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺឃុំក្ដឿងរាយ និងឃុំកញ្រ្ជៀចស្ថិតក្នុងស្រុកកញ្រ្ជៀច ដោយបែកចេញពីផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) របស់គម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ត្រង់ចំណុចភូមិក្ដឿងរាយ ស្ថិតក្នុងឃុំក្ដឿងរាយ ភ្ជាប់ទៅនឹងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) លេខ 387A ត្រង់ភូមិប្រស្រែមុខ ស្ថិតក្នុងឃុំកញ្រ្ជៀច (ទីរួមស្រុកកញ្រ្ជៀច)។ ផ្លូវនេះនឹងត្រូវស្ថាបនាជាផ្លូវក្រាលបេតុងកម្រាស់២០ សង់ទីម៉ែត្រ ដែលមានទទឹងខ្នងលើ ៨ម៉ែត្រ (ទទឹងផ្ទៃរងចរាចរណ៍ ៦ម៉ែត្រ និងចឹញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ជាប្រភេទក្រួសក្រហម)។
ខ្សែផ្លូវទី២៖ (ពីភូមិព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ) មានប្រវែង ១០,៤៣គីឡូម៉ែត្រ ស្ថិតក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវកម្រាលបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ទទឹងខ្នងលើសរុប ៧ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលបេតុង ៦ម៉ែត្រ និងចញ្ចើមផ្លូវ ០,៥ម៉ែត្រ សងខាងជាប្រភេទក្រួសក្រហម)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនកូរ៉េ ឈ្មោះ អុិលស៊ុង-គុមហូចញវេនឈ័រ (Ilsung-Kumho Joint Venture) បច្ចុប្បន្នដំណើរការស្ថាបនាម្រេចបានប្រមាណ៩០%។
ខ្សែផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺឃុំព្រៃដើមថ្នឹង និងឃុំល្វេ ស្ថិតក្នុងស្រុកស៊ីធរកណ្ដាល ដោយបែកចេញពីផ្លូវកៅស៊ូពីរជាន់(DBST) ផ្លូវលេខ៣១១១ ត្រង់ចំណុចទីរួមស្រុកស៊ីធរកណ្ដាល ភ្ជាប់ទៅផ្លូវ បេតុងស្របនឹងមាត់ទន្លេតូច ស្ថិតក្នុងឃុំល្វេ និងភ្ជាប់ជាមួយផ្លូវក្រាលកៅស៊ូរពីជាន់(DBST) ឆ្ពោះទៅកាន់ទីរួមស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ និងស្រុកកោះសូទិន នៃខេត្តកំពង់ចាម ៕