ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជួបសន្ទនាតាមទូរស័ព្ទប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កាជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កាជាមួយឯកឧត្តម Winston Peters ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើស្ទើរគ្រប់វិស័យ។ ឆ្នាំ២០២៤ នេះ គឺជាខួប ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងនូវែលសេឡង់ដែលបានបង្កើត តាំងពីឆ្នាំ១៩៥៩។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងរៀបចំកិច្ចពិគ្រោះយោបល់ លើកទី៣ ក្នុងពេលវេលាសមស្របណាមួយ នៅប្រទេសនូវែលសេឡង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលនូវែលសេឡង់ក្នុងការរួមចំណែកដល់ដំណើរការសន្ដិភាព និងការផ្ដល់ជំនួយអភិវឌ្ឍន៍ជាបន្ដបន្ទាប់ ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការបោសសម្អាតមីន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងសម័យអ៊ុនតាក់ នូវែលសេឡង់បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាពប្រមាណ ១០០នាក់ មកកម្ពុជា ហើយពេលបច្ចុប្បន្ននេះ កម្ពុជាបានក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្ដិភាពជាង ៩.០០០ នាក់ ទៅចូលរួមប្រតិបត្តិការរក្សាសន្ដិភាពនៅក្រៅប្រទេស។
មុននឹងកិច្ចសន្ទនាតាមទូរស័ព្ទបានបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រី Winston Peters មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលវេលាសមស្របណាមួយ ៕