កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ បង្ក្រាបស្លាបមាន់ខូចគុណភាព ២០០កេស ស្មើនឹង ២,០០០គីឡូក្រាម
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុផែនការងារ និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ បានធ្វើបង្ក្រាបស្លាបមាន់ ខូចគុណភាព ចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថាមន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្រ្កាបការនាំចូលស្លាបមាន់ ខូចគុណភាពទាំងនេះ ដែលឈ្មួញដឹកតាមរថយន្តម៉ាក Ssang Young ពណ៌លឿន ពាក់ផ្លាកលេខ ភ្នំពេញ 2AM-9042 មកពីប្រទេសវៀតណាម មកចែកចាយនៅរាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញ បានយកទៅបំផ្លាញចោលតាមនីតិវិធី។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់រាល់បទល្មើសនាំចូលម្ហូបអាហារធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ដោយឡែកកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នូវតែបន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕