សម្តេចធិបតី៖ រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើបរិវត្តកម្មឌីជីថល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើបរិវត្តកម្មឌីជីថល ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីចូលរួមកសាងធនធានមនុស្សដែលខ្លាំង និងមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍជាតិក្នុងយុគសម័យថ្មីនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការវិនិយោគទៅលើធនធានមនុស្ស ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ គឺមនុស្ស ខណៈដែលយុទ្ធសាស្រ្តបញ្ចកោណបានបញ្ជាក់រួចហើយថា មនុស្សគឺជាអាទិភាពទី១ ក្នុងចំណោមកោណទាំង៥។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅអាណត្តិទី៧ របស់រាជរដ្ឋាភិបាលនេះ គ្រប់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់ ត្រូវបង្កើតអង្គភាពបរិវត្តកម្មឌីជីថល ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថល និងស្របតាមគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាល ផងដែរ ៕