សម្ដេចធិបតី៖ ក្រសួងអប់រំ លើកកម្ពស់គុណភាពអប់រំ នៅគ្រប់កម្រិត ដើម្បីឲ្យកម្ពុជាមានធនធានមនុស្ស កាន់តែសម្បូរបែប
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្រសួងអប់រំបានលើកកម្ពស់គុណភាពអប់រំ នៅគ្រប់កម្រិត ដើម្បីធ្វើឱ្យកម្ពុជាមានធនធានមនុស្សកាន់តែសម្បូរបែប ។
ក្នុងឱកាសអញ្ជើញសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានមានប្រសាសន៍ថា ការកសាងធនធានមនុស្សរបស់កម្ពុជា គឺសំខាន់ណាស់ ដើម្បីអាចប្រកួតប្រជែងជាមួយពិភពលោក ខណៈបច្ចុប្បន្នធនធានមនុស្សរបស់កម្ពុជា កាន់តែមានលទ្ធភាពប្រកួតប្រជែងជាមួយពិភពលោក។
សម្ដេចធិបតីបន្ថែមថា ប្រទេសជាតិមានសុខសន្តិភាពគឺឈប់យកលុយទិញអាវុធបាញ់គ្នា ប៉ុន្តែបានបង្វែរថវិកាទៅវិនិយោគវិស័យធនធានមនុស្ស និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។ ព្រោះថា ធនធានមនុស្សរបស់កម្ពុជា គឺជាម្ចាស់ការរបស់ប្រទេស។ ការទាញអ្នកវិនិយោគមកកម្ពុជាបាន គឺដោយសារមានធនធានមនុស្ស ប្រកបដោយ កម្លាំង សមត្ថភាព និងចំណេះដឹង ៕