ប្រមុខរាជរដ្ឋាភិបាល៖ ការសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ គឺជាសមិទ្ធិផលសរុបរបស់ពលរដ្ឋ និងសង្គមជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃនេះគឺជាសមិទ្ធិផលសរុបរបស់ប្រជាពលរដ្ឋ និងសម្រាប់ជាតិយើងជាពិសេស ដែលមានធនធានមនុស្សជាង ៥ពាន់នាក់បានបញ្ចប់ការសិក្សា និងឈានដល់ការកសាងគុណវុឌ្ឍិមួយជំហានថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មោទកភាពរបស់ប្រទេសជាតិនីមួយៗគឺអាស្រ័យទៅលើប្រជាពលរដ្ឋដែលមានភាពរឹងមាំ ដែលការអប់រំ គឺដើម្បីបច្ចុប្បន្ននិងទៅអនាគត ពោលគឺការកសាងសមត្ថភាពបច្ចុប្បន្ន ដើម្បីកសាងសមិទ្ធិផលថែមសម្រាប់អនាគត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ៕