ឯកឧត្ដមបណ្ឌិត កៅ គឹមហួន បញ្ចប់ទស្សនកិច្ចការងារនៅឥណ្ឌា ជាមួយនឹងការធ្វើបាឋកថា នៅសាកលវិទ្យាល័យ Nalanda
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានធ្វើបាឋកថា នៅសាកលវិទ្យាល័យ Nalanda។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់កំពុងបន្តនៃមជ្ឈភាពអាស៊ាន និងចក្ខុវិស័យអាស៊ានក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាមគ្គុទេ្ទសក៍ ក្នុងការចូលរួមរបស់អាស៊ាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាដែលកាន់តែទូលំទូលាយ។
បណ្ឌិត កៅ គឹមហួន ក៏បានគូសបញ្ជាក់អំពីតួនាទីដ៏មានសារ:សំខាន់របស់អាស៊ានក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបានជម្រាបជូនផងដែរអំពីការងារតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលគ្រោងនឹងអនុម័តដោយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន នៅពាក់កណ្តាលឆ្នាំ២០២៥ ដែលជាជំហានបន្ទាប់នៃដំណើរការកសាងសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥៕