លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ចុះអប់រំផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅវិទ្យាល័យអន្លង់វិល
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដឹកនាំដោយលោក សល់ សុទត្ត អនុប្រធានមន្ទីរ តំណាងលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា ដល់សិស្សានុសិស្សចំនួន ២ ៣៩១នាក់ (ស្រី ១ ៣៨០នាក់) នៃវិទ្យាល័យអង្លង់វិល ស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីបានយល់ដឹង ក្នុងការចូលរួមលើកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ខណៈបញ្ហានេះបានក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់របស់ប្រទេសកម្ពុជា ហើយត្រូវទាមទារឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ។
ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានណែនាំឱ្យសិស្សានុសិស្សទាំងអស់ចៀសឱ្យឆ្ងាយពីគ្រឿងញៀន សូមកុំជឿតាមការអូសទាញពីមិត្តភក្តិ ឬនរណាម្នាក់ឡើយ សូមកុំចង់ដឹង ចង់សាកឱ្យសោះ ព្រោះថា គ្រឿងញៀនវាធ្វើឱ្យយើងបាត់បង់នូវសមត្ថភាពក្នុងការពិចារណាថាអ្វីខុស អ្វីត្រូវ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន ដែលឈានទៅដល់ការប្រព្រឹត្តនូវអំពើឧបាយមុខផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់អនាគតខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះក្រុមការងារបានរៀបចំជាសំណួរចម្លើយ ដល់សិស្សានុសិស្សដែលឆ្លើយសំណួរបានត្រឹមត្រូវ នឹងទទួលបានមួកសុវត្ថិភាព ១ ព្រមទាំងចែកជូនឯកសារពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍មួយចំនួនទៀតផងដែរ៕