អ្នកវិភាគគាំទ្រអនុសាសន៍នាយករដ្ឋមន្រ្តីលើការលើកកម្ពស់សុខភាព និងសុខមាលភាពកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស
ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើការផ្តល់អនុសាសន៍ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តលើកកម្ពស់សុខភាព និងសុខមាលភាពកម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសនានានៅទូទាំងប្រទេស ពីព្រោះវាជាកិច្ចការមួយក្នុងការរក្សាសុខសុវត្ថិភាព និងលើកកម្ពស់សិទ្ធិកម្មករ កម្មការិនីនៅកម្ពុជា។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា៖«ខ្ញុំគាំទ្រ ពីព្រោះជាអនុសាសន៍មួយដែលបង្ហាញពីការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់កម្មករ កម្មការិនី សុខមាលភាព ជាពិសេសសុវត្ថិភាពការងារនៅកន្លែងធ្វើការ ហើយនេះជាកិច្ចការមួយសំខាន់ណាស់សម្រាប់បងប្អូនកម្មករនិយោជិត»។
លោកបណ្ឌិតបានគូសបញ្ជាក់ថា សុខមាលភាពកន្លែងធ្វើការរបស់កម្មករ កម្មការិនី បន្ទាប់មកបង្កើតឱ្យមានសុខមាលភាពនៃសេដ្ឋកិច្ចកម្ពុជា ហើយឈានទៅដល់ការរក្សាស្ថេរភាពសង្គមនយោបាយកម្ពុជា បង្កការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគិនដែលកំពុងរកស៊ី និងគ្រោងនឹងដាក់វិនិយោគនៅកម្ពុជា នេះគឺជាការដាក់សេចក្តីទុកចិត្តមួយ ហើយផ្តល់អត្ថប្រយោជន៍ដល់និរន្តរភាពការងាររបស់កម្មករនិយោជិត។
ទន្ទឹមនិងនេះលោកបណ្ឌិតបន្ថែម នេះគឺជាការយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីជោគជ័យក្នុងការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតកម្ពុជាកាលពីឆ្នាំ២០២៣កន្លងទៅ។
កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់ក្រសួង និងប្រកាសដាក់ឱ្យអនុវត្ត«ផែនការយុទ្ធិសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤ ២០២៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍បន្ថែមចំនួន១៣ចំណុច ដើម្បីធានាបម្រើផលប្រយោជន៍ពលរដ្ឋ និងកម្មករនិយោជិត។
ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យក្រសួងការងារត្រូវបន្តលើកកម្ពស់សុខភាពនិងសុខុមាលភាពកម្មករនិយោជិត និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ការងារ។ ដើម្បីបន្តលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត, ក្រសួងការងារដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការឱ្យបានកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាគ្រោះថ្នាក់ការងារ និងហានិភ័យនានា៕