រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ណែនាំឲ្យជ្រើសរើសភូមិមានអំណោយផល និងសក្ដានុពល លើវិស័យសំខាន់ៗ៤ ដើម្បីអភិវឌ្ឍន៍ជាភូមិគំរូ
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឲ្យជ្រើសរើសភូមិដែលមានអំណោយផល និងមានសក្ដានុពលលើវិស័យសំខាន់ៗដូចជា វប្បធម៌ ទេសចរណ៍ធម្មជាតិ សេដ្ឋកិច្ច និងកសិកម្ម ម្បីអភិវឌ្ឍន៍ជាភូមិគំរូ ។
នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពី ការកំណត់លក្ខណៈវិនិច្ឆ័យភូមិគំរូ និងនីតិវិធីចុះស្រង់ទិន្នន័យនៅតាមភូមិនៅតំបន់ជនបទនៃប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គាធិការ ឯកឧត្ដមអគ្គនាយក អគ្គនាយករង ឯកឧត្ដម លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ សរុបចំនួន ១០៨ រូប ស្រី ៦១ រូប ។ ដោយឡែកប្រធាន អនុប្រធានមន្ទីរ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ទាំង ២៥ បានចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) ។
ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ និងប្រកបដោយមហិច្ឆតា ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្ដថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ជាអាទិ៍ (១).ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ (២). ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (៣). ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (៤). ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស។
គួរបញ្ជាក់ថា៖ យោងតាមការធ្វើបទបង្ហាញរបស់ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានបង្ហាញថា ក្រុមការងារអភិវឌ្ឍន៍ភូមិគំរូ បានរៀបចំលក្ខណៈវិនិច្ឆ័យភូមិគំរូ តាមលក្ខណៈវិនិច្ឆ័យធំៗចំនួន ៥ ចំណុច រួមមាន៖ (១) សេដ្ឋកិច្ច (២) សង្គមកិច្ច (៣) សុខភាព និងបរិស្ថានរស់នៅ (៤) ហេដ្ឋារចនាសម្ព័ន្ធ និង (៥) អភិបាលកិច្ចល្អ ដែលនៅក្នុងចំណុចចម្បងនីមួយៗ មានលក្ខណៈវិនិច្ឆ័យលម្អិតបន្ថែមយ៉ាងច្បាស់លាស់។
ឆ្លៀតក្នុងឱកាសនោះ ដើម្បីឱ្យការងារនេះ អនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំ ដូចខាងក្រោម៖
១. ត្រូវយកភូមិគំរូចំនួន ៣០ នៅក្នុងខេត្តចំនួន ៣ ដែលបានអនុវត្តកន្លងមក និងសមិទ្ធផលដែលមានស្រាប់ ធ្វើការវាយតម្លៃតាមទម្រង់លក្ខណៈវិនិច្ឆ័យដែលបានរៀបចំ
២. មន្ដ្រីនាយកដ្ឋានជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្តទាំង ២៥ ត្រូវសហការគ្នាឱ្យបានល្អ និងចូលរួមអនុវត្តសាកល្បងការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់,
៣.រៀបចំរបាយការណ៍បូកសរុបរួមស្ដីពីលទ្ធផលវាយតម្លៃភូមិគំរូ និងប្រជុំពិភាក្សាដកពិសោធន៍និងកែលម្អលក្ខណៈវិនិច្ឆ័យដើម្បីឈានទៅធ្វើការវាយតម្លៃកម្រិតអភិវឌ្ឍន៍គ្រប់ភូមិនៅទូទាំងប្រទេស
៤. ត្រូវជ្រើសរើសភូមិដែលមានអំណោយផល និងមានសក្ដានុពលលើវិស័យសំខាន់ៗដូចជា វប្បធម៌ ទេសចរណ៍ធម្មជាតិ សេដ្ឋកិច្ច និងកសិកម្មដើម្បីអភិវឌ្ឍន៍ជាភូមិគំរូ ៕