ឯកឧត្តម គង់ សោភ័ណ្ឌ៖ ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានសារសំខាន់ណាស់
ភ្នំពេញ៖ នៅព្រឹក ថ្ងៃសៅរ៍ទី១៧ ខែកុម្ភ: ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីសម្ពោធសមិទ្ធផល និងស្រោចស្រពសុគន្ធវារី ព្រះចៅអធិការវត្តប្រាសាទរង្សី» និងមានការយាងនិមន្តចូលរួមពី សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះសមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះវិមលវេទីមេគណខេត្តកណ្តាល និងជាសម្តេចព្រះចៅអធិការវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងឳកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានសារសំខាន់ណាស់ ពីព្រោះព្រះពុទ្ធសាសនា បានធ្វើការអប់រំចិត្តរបស់ពុទ្ធបរិស័ទគ្រប់គ្នា ឱ្យចេះសណ្តោសប្រណៃ អត់ធ្មត់ និងតស៊ូគ្រប់ឧបសគ្គ ចេះរួមរស់ជាមួយគ្នាកសាងកុសល ផលបុណ្យដើម្បីជាទ្រព្យជាប់ប្រាណនាជាតិខាងមុខ ជាក់ស្ដែងព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម ដោយបានចូលរួមយ៉ាងសកម្មក្នុងការ អប់រំគុណធម៌ សីលធម៌ ដើម្បីកសាងសង្គមមួយឱ្យមានភាពសុខដុមរមនា រួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ និងភាពរីកចម្រើន។
សូមបញ្ជាក់ថា សមិទ្ធផលដែលត្រូវសម្ភោធនានា រួមមាន៖១. សាលាធម្មសភា ២.ខ្លោងទ្វារ ៣.កុដិថ្មី ១ខ្នង ២ជាន់ ៤បន្ទប់ ៤.ជួសជុលកុដិ១ខ្នង ២ជាន់ ៣បន្ទប់»៕