អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ៥ថ្ងៃនៃម៉ោងរដ្ឋបាលសប្ដាហ៍នេះ មន្រ្តីបន្តផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ជាង១ម៉ឺន ៣ពាន់សេវា
ភ្នំពេញ៖ ឈរលើគោលការណ៍សេវាប្រកបដោយនិរន្តរភាព រយៈពេល៥ថ្ងៃ នៃម៉ោងការងាររដ្ឋបាលក្នុងសប្ដាហ៍នេះ មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ ដែលទទួលបន្ទុកលើការងារអត្តសញ្ញាណកម្ម បានបន្តផ្ដល់សេវាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន លិខិតធ្វើដំណើរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ ទូទាំងប្រទេស បានចំនួន ១៣.៦៩៥ សេវា។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងចំណែកនៃសេវាអត្តសញ្ញាណកម្មនានា ដែលបានផ្ដល់ជូនសរុបនោះ សេវាអត្តសញ្ញាណបណ្ណមានចំនួន ៥,៣៦៩សន្លឹក សេវាលិខិតឆ្លងដែនមានចំនួន ៣,៣៤៦លិខិត សេវាលិខិតធ្វើដំណើរមានចំនួន ១,៤៥៤លិខិត សេវាសៀវភៅស្នាក់នៅមានចំនួន ២,០៥៣ក្បាល និងសេវាសៀវភៅគ្រួសារមានចំនួន ១,៤៧៣ក្បាល។ តួលេខនេះ ប្រហាក់ប្រហែលគ្នានឹងសប្ដាហ៍មុនដែរ។
ដោយឡែក ក្នុងរយៈពេលពេញមួយខែមករា ឆ្នាំ២០២៤ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេស នៃក្រសួងមហាផ្ទៃ បានផ្ដល់សេវាអត្តសញ្ញាណបណ្ណជូនពលរដ្ឋបានចំនួន ២៥,៤៨៨សន្លឹក លិខិតឆ្លងដែនចំនួន ២៤,៥៥០លិខិត លិខិតធ្វើដំណើរចំនួន ៦,០៥២លិខិត សៀវភៅស្នាក់នៅចំនួន ១១,០៧០ក្បាល និងសៀវភៅគ្រួសារចំនួន ៨,៦៨០ក្បាល។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល ៕