វៀតណាមផាកពិន័យករណីល្មើសច្បាប់ចរាចរណ៍បានប្រាក់ជាង៧លានដុល្លារអំឡុងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី
នៅវៀតណាម អំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីរយៈពេល៧ថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃពុធទី ១៤ ខែកុម្ភៈកន្លងទៅ អ្នកបើកបរ ២៩ ០០០ នាក់ដែលបំពានកម្រិតជាតិអាល់កុលត្រូវបានផាកពិន័យដែលជាការកើនឡើងជាង ២១០០០ករណីបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ូលិសវៀតណាមបានពិន័យអ្នកបើកបរល្មើសច្បាប់បានសរុបជាង ១៨២ ពាន់លានដុង (៧,៤២ លានដុល្លារអាម៉េរិក)។
នាយកដ្ឋានប៉ូលិសចរាចរណ៍បានឱ្យដឹងកាលពីថ្ងៃពុធថា ចំនួននៃអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងមានចំនួន៤១,២ភាគរយនៃការរំលោភលើសុវត្ថិភាពចរាចរណ៍។
មូលដ្ឋានដែលមានការបំពានគ្រឿងស្រវឹងច្រើនជាងគេគឺទីក្រុងហូជីមិញ ដែលមានជាង ២៥០០ករណី ទីក្រុងហាណូយជិត១២០០ករណី ខេត្តដុងណៃ ភាគខាងត្បូងជាង ១០០០ករណី និងខេត្តបៃហ្សាង ភាគខាងជើង ៩៧៥ករណី។
ប៉ូលិសចរាចរណ៍ទូទាំងប្រទេសបានដោះស្រាយការល្មើសច្បាប់ចំនួន ៧១៤០០ករណី និងពិន័យជាប្រាក់សរុបជាង ១៨២ ពាន់លានដុងឬស្មើនឹងជាង ៧,៤២ លានដុល្លារអាម៉េរិក ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ហើយបានរឹបអូសរថយន្តជាង ១៨០០គ្រឿង និងម៉ូតូជាង ៣៤ ០០០គ្រឿង។ បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣ចំនួននៃការផាកពិន័យកើនឡើង ២២០ ភាគរយ ហើយចំនួនលុយបានមកពីការផាកពិន័យកើនឡើង ២៦០ភាគរយ។
ទន្ទឹមនឹងនោះ ករណីបើកបរលឿនហួសកំណត់មានជាង ១៦៧០០ករណី ដែលខ្ពស់ជាងឆ្នាំមុនជិត៧ដង។ ប៉ូលិសក៏បានរកឃើញករណីអ្នកបើកបរផ្ទុកសារធាតុញៀនចំនួន១១៤ករណីផងដែរ។
គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៥៤១លើក បណ្ដាលឱ្យមនុស្សស្លាប់២១៤នាក់ និងរបួស៥០៤នាក់។ បើធៀបនឹងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីលើកមុន ចំនួនគ្រោះថ្នាក់បានកើនឡើង ៨៣លើក ប៉ុន្តែអ្នកស្លាប់បានថយចុះ ៦៩នាក់ ចំណែកអ្នករបួសកើនឡើង ១៧៧នាក់។
សូមជម្រាបថា រដ្ឋាភិបាលនិងអាជ្ញាធរចរាចរណ៍បានអនុវត្តការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងយ៉ាងម៉ត់ចត់ជាងពេលណាទាំងអស់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
ច្បាប់វៀតណាមកំណត់ថាបុគ្គលណាម្នាក់ដែករកឃើញមានបរិមាណជាតិអាល់កុលហួសកំណត់ពេលកំពុងបើកបរនឹងនាំឱ្យបុគ្គលនោះត្រូវដកហូតបណ្ណបើកបរក្នុងមួយរយៈ។
ការពិន័យលើអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងរួមមានការផាកពិន័យរហូតដល់ ៤០ លានដុង (១៦៤០ ដុល្លារអាម៉េរិក) និងការព្យួរបណ្ណបើកបររយៈពេល ២ ឆ្នាំ ខណៈដែលអ្នកដែលបង្កគ្រោះថ្នាក់ក្នុងពេលស្រវឹងអាចប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌ៕