លោក ពូទីន ប្រាប់ឱ្យប្រជាជនរុស្ស៊ីអោយមានកូនកាន់តែច្រើន
(បរទេស)៖លោក ពូទីន បានជំរុញប្រជាជនកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈថា គ្រួសាររុស្ស៊ីត្រូវតែបង្កើតកូនយ៉ាងហោចណាស់ពីរនាក់ ទៅបីនាក់ ឬច្រើនជាងនេះ ដើម្បីវឌ្ឍនភាព ការអភិវឌ្ឍ និងភាពរីកចម្រើនសម្រាប់ប្រទេសធំជាងគេនៅលើភពផែនដីមួយនេះ។
តាមពិតទៅ រុស្សីបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនជិត ២ឆ្នាំមុន ខណៈមនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីប្រទេសនេះ ដើម្បីគេចចេញពីការប្រឆាំងទៅនឹងជម្លោះឬការភ័យខ្លាចនៃភ្លើងសង្គ្រាម និងការបប្រយុទ្ធយ៉ាងបង្ហូរឈាម។
ខ្លាចាស់ ពូទីន បានប្រាប់និយោជិតនៅរោងចក្រផលិតធុងមួយនៅតំបន់ Urals ថាប្រសិនបើប្រជាជននៃប្រទេសរុស្ស៊ីចង់រក្សាអត្តសញ្ញាណរបស់ពួកគេនោះ កុមារពីរនាក់ក្នុងមួយគ្រួសារគឺជាចំនួនអប្បបរមា។
លោកបន្តថា ប្រសិនបើគ្រួសារនីមួយៗមានកូនតែម្នាក់ នោះចំនួនប្រជាជននឹងថយចុះយ៉ាងគំហុក ហើយដើម្បីពង្រីក និងអភិវឌ្ឍ អ្នកត្រូវការកូនយ៉ាងហោចណាស់ពីរ ទៅបីនាក់។
ជាការពិត លោក ពូទីន ប្រកាសខ្លួនឯងថា ជាអ្នកគាំទ្រនៃតម្លៃប្រពៃណី ដោយផ្អែកលើគ្រួសារ ប្រទេសជាតិ និងជំនឿសាសនាគ្រិស្តអូស្សូដក់។
ក្នុងកំលុងពេលកាន់អំណាចរយៈពេល ២៤ឆ្នាំរបស់លោក ប្រទេសនេះបានរឹតបណ្តឹងយ៉ាងខ្លាំងចំពោះការបញ្ចេញមតិនៃទំនោរផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ ហើយបានហាមឃាត់ចលនាស្រឡាញ់ភេទដូចគ្នា ខ្ទើយ និងអ្នកកែភេទ (LGBT) ថាជា ចលនាជ្រុលនិយម។ រុស្ស៊ីបានទទួលរងនូវការថយចុះចំនួនប្រជាជនបន្តិចម្ដងៗចំនួនពីរទសវត្សរ៍បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។
ជាចុងក្រោយ ការិយាល័យស្ថិតិរដ្ឋរុស្ស៊ីបានប៉ាន់ប្រមាណចំនួនប្រជាជនធ្លាក់ចុះពីជិត ១៤៩លាននាក់ក្នុងឆ្នាំ២០២២ មកនៅ ១៤៦,៤លាននាក់នៅដើមឆ្នាំ២០២៣៕