រថយន្តចិននៅរុស្ស៊ីកំពុងត្រូវប៉ាន់ ក្រោយការដកខ្លួនរបស់ក្រុមហ៊ុនលោកខាងលិចដោយសារសង្គ្រាមអ៊ុយក្រែន
បរទេស៖ម៉ាករថយន្តលោកខាងលិច និងអាស៊ីមួយចំនួន បានដកខ្លួនចេញពីទីផ្សាររុស្ស៊ីបន្ទាប់ពីការលុកលុយអ៊ុយក្រែនប្រហែលពីរឆ្នាំមុន។
ក្រុមហ៊ុនមកពីប្រទេសអាល្លឺម៉ង់ សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនបានបញ្ចប់ការលក់ ការផ្គត់ផ្គង់ ប្រតិបត្តិការសេវាកម្ម ឬលក់ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែ ក្រុមហ៊ុនរថយន្តចិន ដូចជា Geely Chery និង Changan ចាប់តាំងពីពេលនោះមក បានចូលទៅក្នុងទីផ្សាររុស្ស៊ីឡើងវិញ ដោយផ្ដល់ជូននូវម៉ូដែលចិនជាង១០០ម៉ាក។
ដោយសារតែមានជម្រើសតិចតួច អ្នកប្រើប្រាស់បានផ្លាស់ប្ដូរអាកប្បកិរិចំពោះរថយន្តចិន និងបាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃម៉ូដែលចិន ដែលមានចំនួនជាង៤០ភាគរយ នៃការលក់រថយន្តថ្មីទាំងអស់នៅក្នុងប្រទេសរុស្ស៊ី នៅចុងឆ្នាំ២០២៣។
ចំណែកអ្នកចែកចាយលក់រថយន្តចិននៅក្នុងប្រទេសរុស្ស៊ី ក៏បានកើនឡើងទ្វេដងផងដែរ ខណៈរោងចក្រដែលធ្លាប់ប្រើដោយក្រុមហ៊ុនផលិតរថយន្តលោកខាងលិច ឥឡូវនេះត្រូវបានប្រើប្រាស់ដោយចិន។
ប្រទេសរុស្ស៊ីបានក្លាយជាទីផ្សារនាំចេញរថយន្តដ៏ធំបំផុតរបស់ប្រទេសចិន ដែលឈានដល់តម្លៃ ៩,៤ពាន់លានដុល្លារនៅចន្លោះខែមករា និងខែតុលាឆ្នាំមុន ស្មើនឹងជិត១០ដងនៃការនាំចេញរថយន្តដែលមានតម្លៃ ១,១ពាន់លានដុល្លារទៅកាន់ប្រទេសរុស្ស៊ីក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២២។ បន្ថែមលើនោះ ម៉ាករថយន្តរុស្ស៊ីកាន់តែច្រើនបានពឹងផ្អែកលើសមាសធាតុរបស់ចិន។
ទោះបីជាការផលិតរថយន្តក្នុងស្រុកមិនទាន់ទទួលបានសន្ទុះក៏ដោយ ក៏ម៉ាកយីហោរុស្ស៊ីហាក់ដូចជាមានគុណសម្បត្តិមួយ ដោយរក្សាកំណើនតម្លៃរបស់ពួកគេឱ្យកាន់តែជិតទៅនឹងអត្រាអតិផរណាទាំងមូល៕