ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ច្រាំងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ភួន ចន្ថា អនុរដ្ឋលេខាធិការ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ច្រាំងទន្លេបាសាក់ប្រវែង ១២០០ម៉ែត្រស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។
សូមជម្រាបថា ការអនុវត្តការសាងសង់សំណង់ច្រាំងទន្លេបាសាក់សម្រេចបានដូចខាងក្រោម៖
-ការងាររៀបបាវការពារចរន្តទឹកបុក ហូរច្រោះដីផ្នែកខាងក្រោមសម្រេចបាន១០០%
-ការងារបុកស្បាន់ផាយ (Spun Pile) សម្រេចបាន១០០%
-ការងារបុកស៊ីផាយ សម្រេចបាន ៧០%
-ការងារបេតុងអាមេ សម្រេចបាន ២៥%
-ការងារបំពេញដី សម្រេចបាន ២០%
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា សរុបមកដល់បច្ចុប្បន្ន វឌ្ឍនភាពនៃការសាងសង់សំណង់ច្រាំងទន្លេបាសាក់ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦៨% បើតាមគម្រោងការងារនេះនឹងបញ្ចប់ក្នុងដំណាច់ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេឱ្យបន្តពង្រឹងផ្នែកបច្ចេកទេស និងខិតខំពន្លឿនអនុវត្តការងារឱ្យសម្រេចបានតាមផែនការ ប្រកបដោយគុណភាព និងឆ្លើយតបតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា ៕