សម្តេចធិបតី ឲ្យឯកឧត្តម ឃួង ស្រេង សហការជាមួយវិស័យឯកជន ពិនិត្យលទ្ធភាពបើកផ្លូវចំណុចស្ពានចាក់អង្រែក្រោម-ព្រែកប្រា ត្រង់ទៅចំផ្លូវជាតិលេខ១
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយវិស័យឯកជន និងប្រជាពលរដ្ឋ ពិនិត្យលទ្ធភាព ដើម្បីអាចបើកផ្លូវត្រង់ចំណុចស្ពានឆ្លងទន្លេបាសាក់ត ភ្ជាប់តំបន់ចាក់អង្រែក្រោម-ព្រែកប្រា ដោយធ្វើយ៉ាងណាអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរត្រង់ទៅចំផ្លូវជាតិលេខ១ តែម្ដង ។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រសិនបើមានផ្លូវថ្មីចេញពីចំណុចស្ពានចាក់អង្រែក្រោម-ព្រែកប្រា ទៅដល់ផ្លូវជាតិលេខ១ គឺប្រជាពលរដ្ឋនៅតាមដងផ្លូវនេះ ទទួលបានផលប្រយោជន៍ច្រើនទាំងការធ្វើដំណើរ ពិសេសការឡើងថ្លៃដីធ្លី។ ត្រង់ចំណុចនេះ សម្តេចធិបតីបញ្ជាឲ្យឯកឧត្តម ឃួង ស្រេង ចុះសិក្សា និងពិភាក្សាជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ដីដែលរងផលប៉ះពាល់ក្នុងករណីកសាងផ្លូវថ្មីនេះ។
សម្តេចធិបតីបន្ថែមថា ការស្ថាបនាផ្លូវ ស្ពានថ្មីៗ ជាច្រើននាពេលនេះ និងតទៅថ្ងៃខាងមុខ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសដើម្បីជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរឡើង។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប ១៦៥០ម៉ែត្រ ទទឹង ២៧ម៉ែត្រ ដែលមានសម្រាប់រថយន្តចំនួន ២គន្លងទៅមក សម្រាប់ទោចក្រយានយន្តចំនួន ១គន្លងទៅមក និងសម្រាប់ថ្មើរជើង ១គន្លងទៅមក ។ គម្រោងស្ពាននេះ សាងសង់ក្នុងរយៈពេល ៤២ខែ ៕