ឯកឧត្តម ចាន់ ស៊ីណាត៖ ក្រសួងធនធានទឹក និង AIIB នឹងធ្វើការសាងសង់នូវបណ្តាអាងទឹកបន្ថែមទៀត ដើម្បីធានាសន្តិសុខទឹកឱ្យខេត្តកំពង់ឆ្នាំងមានលក្ខណៈល្អប្រសើរឡើង
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដោយបានទទួលនូវការគាំទ្រសហការដ៏រឹងមាំពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពីធនាគារវិនិយោគ ហេដ្ឋារចនាសម្ធ័ន្ធអាស៊ី(AIIB) បានដឹកនាំអនុវត្តន៍លើបណ្តាសកម្មភាពការងារមួយចំនួនជាមួយក្រុមបេសកកម្មធនាគារ AIIB រយៈពេលពីរថ្ងៃ គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា សកម្មភាពទី១ គឺដឹកនាំការប្រជុំជាមួយបេសកកម្មធនាគារ AIIB ដើម្បីត្រួតពិនិត្យនូវវឌ្ឍនភាពលើគម្រោងទប់ទល់ការប្រែប្រួលអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយដែលបង្កឡើងដោយសារជំនន់ និងគ្រោះរាំងស្ងួតដែលជារឿយៗ តែងតែកើតមាននៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដែលការប្រជុំនេះមានរបៀបវារៈចំនួន២ គឺ៖
ទី១) បំពាក់ Full Early Warning Systems, Remote Sensing, and a very SCADA systems ចាប់ពីទំនប់លេខ២ ទំនប់លេខ៣ ទំនប់លេខ៤ ទំនប់លេខ៥ ទំនប់ក្បាលហុង ទំនប់ដំណាក់អំពិល និងទំនប់ទាំងអស់ក្នុងខេត្តពោធិ៍សាត់ទាំងមូល សម្រាប់ធ្វើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់មានស័ក្តិសិទ្ធិភាពក្នុងវិស័យធនធានទឹក និងឧតុនិយមរបស់ខេត្តពោធិ៍សាត់ ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវការផលិតរបស់បងប្អូនប្រជាពលរដ្ឋលើផ្ទៃដីប្រាំងចំនួន ១២០០០០ហិកតា បញ្ចៀសឱ្យបានការលិចលង់ដោយទឹកជំនន់ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានជាប្រចាំក្នុងខេត្តមួយនេះ។
ទី២) ការដោះស្រាយឱ្យបានជាអតិបរមាលើការលិចលង់ផ្លូវជាតិលេខ៥ដែលបង្កឡើងដោយស្ទឹងអន្លង់ជ្រៃ ស្ទឹងលំហាច ស្ទឹងបរិបូរណ៌ ស្ទឹងបំណក់ និងទឹកទាំងអស់មកពីប្រភពតំបន់ខ្ពង់រាបក្តុលទឹកផុស។ ជាមួយគ្នានោះជួយដោះស្រាយបញ្ហាការខ្វះខាតទឹកក្នុងរដូវប្រាំងនៅតំបន់ប្រព័ន្ធធារាសាស្រ្តលំហាច ប្រព័ន្ធធារាសាស្រ្តអាចាង និងប្រព័ន្ធពាក់ព័ន្ធនានាក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុតុនិយម និងធនាគារ AIIB នឹងធ្វើការសាងសង់នូវបណ្តាអាងទឹកជាច្រើនបន្ថែមទៀតជា Cascades ខាងលើស្ទឹងលំហាច និងស្ទឹងអាចាង ដើម្បីធានាសន្តិសុខទឹកឱ្យខេត្តកំពង់ឆ្នាំងមានលក្ខណៈល្អប្រសើរឡើង ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលរបស់ធម្មជាតិ ការទន្ទ្រានយកដីរបស់អាងទឹក និងតំបន់៣ ដោយខុសច្បាប់ និងការឡើងកម្តៅរបស់ភពផែនដីឥតឈប់ឈរ។
សកម្មភាពទី២ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមបេសកកម្មធនាគារ AIIB បានចុះពិនិត្យដល់ទីតាំងអនុវត្តន៍ជាក់ស្តែងនៅគម្រោងសហប្រតិបត្តិការយូរអង្វែងប្រកបដោយនិរន្តរភាពលើការគ្រប់គ្រងវិស័យធនធានទឹក និងបញ្ជាទឹករបស់គម្រោង CAISAR ក្នុងភូមិសាស្រ្តតំបន់អមលាំង តំបន់ថ្ពង តំបន់ប្រាំបីមុំ តំបន់ក្រពើទ្រម តំបន់ជើងឡូង តំបន់សាមគ្គីមានជ័យ តំបន់ឧត្តុង្គ តំបន់ពញាឮ តំបន់ពាមសុត្ថា តំបន់អូរខ្សាច់ និងតំបន់ព្រៃព្នៅ របស់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី និងខេត្តកំពង់ឆ្នាំង។
ជាចុងក្រោយ សកម្មភាពទី៣ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យដល់ទីតាំងអនុវត្តន៍ជាក់ស្តែងលើកម្មវិធីសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារAIIB និងសហហរិញ្ញប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈគម្រោង IWRM និងគម្រោង CAISAR ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់មានដូចជា៖ ប្រព័ន្ធធារាសាស្រ្តលំហាច ប្រព័ន្ធធារាសាស្រ្តក្បាលហុង ប្រព័ន្ធធារាសាស្រ្តអូរតាប៉ោងតាណៃ ប្រព័ន្ធដោះទឹកជាប្រវត្តិសាស្រ្តស្វាយអាត់ (ធានាក្នុងការដោះទឹកក្នុងធា ៤០០ ម៉ែត្រត្រីគុណក្នុងមួយវិនាទី ធ្វើឱ្យខេត្តពោធិ៍សាត់ពុំមានការលិចលង់ក្នុងរដូវវស្សា) តំបន់ដំណាក់អំពិល តំបន់បាកាន តំបន់បឹងខ្នា តំបន់កណ្តៀង និងតំបន់ចារឹក ៕