រាជរដ្ឋាភិបាល នៅតែចាត់ទុក ផ្លូវជាអាទិភាពចម្បង បន្ទាប់ពីមនុស្ស ព្រោះផ្លូវមិនត្រឹមតែជួយសម្រួលដល់ចរាចរប៉ុណ្ណោះទេ ថែមទាំងជាសរសៃឈាមទៅចិញ្ចឹមគ្រប់សរីរាង្គនៃការអភិវឌ្ឍជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និង ផ្លូវតភ្ជាប់ប្រវែង ១.៦៥០ ម៉ែត្រ ក្នុងនោះប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ និងប្រវែងផ្លូវតភ្ជាប់ ៨០៤,៣០ ម៉ែត្រ ដែលគ្រោងប្រើរយៈពេលសាងសង់ ៤២ ខែ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៧ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។
មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ជាមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ក្នុងគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ហើយរាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ នៅតែចាត់ទុក ផ្លូវជាអទិភាពចម្បងបន្ទាប់ពីមនុស្ស ព្រោះផ្លូវមិនត្រឹមតែជួយសម្រួលដល់ចរាចរប៉ុណ្ណោះទេ ថែមទាំងជាសរសៃឈាមទៅចិញ្ចឹមគ្រប់សរីរាង្គនៃការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជនទៀតផង ។ ជាក់ស្តែង សារៈសំខាន់នៃស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះ ក្រោយពីបញ្ចប់ការសាងសង់ ស្ពាននេះនឹងរួមចំណែកក្នុងការធើ្វសមាហរណកម្ម និងតភ្ជាប់ត្រើយខាងកើត និងខាងលិចរបស់ទន្លេបាសាក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងមួយចំណែករបស់ខេត្តកណ្តាល ជាពិសេសជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណាយនានា ចំពោះការធ្វើដំណើរទៅ-មកឆ្លងកាត់ស្ពានព្រះមុនីវង្ស និងនៅតាមដងទន្លេបាសាក់ សម្រួលដល់ការធ្វើដំណើរវាងឆ្ងាយទៅដល់ស្ពានព្រែកសំរោងក្រុងតាខ្មៅ និងការទំនាក់ទំនងសេដ្ឋកិច្ច-សង្គមនៅតំបន់ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល រួមទាំងការតភ្ជាប់ទៅព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ក៏ដូចជាធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក នៅក្នុងតំបន់រាជធានីភ្នំពេញផងដែរ។
នៅក្នុងក្របខ័ណ្ឌនៃស្ថានភាពភូមិសាស្ត្រ និងការតភ្ជាប់ ស្ពាននេះគឺមានភាពប្រទាក់ក្រឡាគ្នាយ៉ាងល្អប្រសើរជាមួយមហាវិថីធំៗ ផ្លូវជាតិ និងខ្សែផ្លូវសំខាន់ៗដទៃទៀត ដូចជា នៅត្រើយខាងលិចតភ្ជាប់ជាមួយមហាវិថីឈុនគង់ (ដែលកំពុងសាងសង់) រួចភ្ជាប់ទៅមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដោយរត់កាត់ពីលើ និង តភ្ជាប់ជាមួយផ្លូវជាតិលេខ២ ។
ដោយឡែក នៅត្រើយខាងកើត គឺស្ពាននេះនឹងតភ្ជាប់ទៅផ្លូវជាតិលេខ១ ដោយរត់កាត់ពីលើ និងតភ្ជាប់ជាមួយផ្លូវលេខ១១០ ក្នុងទិសដៅចូលមករាជធានីភ្នំពេញ ឬចេញទៅខេត្តកណ្តាល ឆ្ពោះទៅកាន់តំបន់ភូមិសាស្ត្រពាក់ព័ន្ធផ្សេងទៀត។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានការជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ ។ លើសពីនេះ កម្ពុជា-ចិន បានសម្រេចឯកភាពកំណត់យកឆ្នាំ ២០២៤ នេះ គឺជា «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ ដោយ សម្តេចធិបតី បានមានប្រសាសន៍ផងដែរថា៖ ប្រជាជនកម្ពុជាខិតខំកសាងប្រទេសតាំងពីបាតដៃទទេរហូតដល់បច្ចុប្បន្ន ដើម្បីលើកកម្ពស់ជីវភាព និងកិត្យានុភាពជាតិឱ្យបានរីកចម្រើន និងថ្កុំថ្កើង ដូចនេះ ការលើកកម្ពស់វិស័យទេសចរណ៍ គឺជាការជំរុញឱ្យភ្នាក់ងារចែកចាយព័ត៌មានដ៏មានសក្តានុពលមួយនេះ ជួយផ្សព្វផ្សាយអំពីកត្តាសន្តិភាព សន្តិសុខ និងសុខុដុមរមនានៅកម្ពុជា ហើយឆ្នាំ២០២៤នេះ ក៏ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន អាស៊ាន-ចិនផងដែរនោះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីបន្ថែមទៀត ក្នុងការស្រូបទាញនូវកំណើនភ្ញៀវទេសចរ និងវិនិយោគិនចិនមកទស្សនា និងបណ្ដាក់ទុនធុរកិច្ចនៅកម្ពុជាកាន់តែច្រើនថែមទៀត ។
ជាចុងក្រោយ សម្តេចធិបតី បានធ្វើការផ្ដាំផ្ញើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យបន្ដរួមសហការខិតខំបំពេញការងារកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមចំណែកថែទាំ និងអភិវឌ្ឍផ្លូវ-ស្ពាន ដើម្បីតភ្ជាប់បណ្ដាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្ដរភាពទាំងគុណភាព និងប្រសិទ្ធផល។
ជាមួយគ្នា សម្តេចធិបតី បានសំណូមពរដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ សូមស្វ័យទទួលខុសត្រូវជាប្រចាំ តាមរយៈការបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា, កុំពិសាគ្រឿងស្រវឹងពេលបើកបរ, កុំបើកបរលើសល្បឿនកំណត់, ត្រូវចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ជាពិសេស ស្នើដល់អ្នកបើកបរដែលបង្កគ្រោះថ្នាក់ចរាចរណ៍ សូមកុំគេចវេះពីការទទួលខុសត្រូវ និងត្រូវចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន ៕