គណបក្សហ៊្វុនស៊ិនប៉ិច ថ្កោលទោសគណបក្សមួយ ចំពោះទង្វើគំរាមកំហែងដល់អង្គបោះឆ្នោត
ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយថ្កោលទោសគណបក្សមួយ ចំពោះទង្វើគំរាមកំហែងដល់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ខាងមុខនេះ។
យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានចូលរួមយ៉ាងក្លាហាន ក្នុងការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ក្នុងការឃើញ គណបក្សមួយចំនួនងាកចេញពីគោល ការណ៍ប្រជាធិបតេយ្យ ដោយប្រើប្រាស់ការបំភិតបំភ័យ ការគំរាមកំហែង និងការ គាបសង្កត់សិទ្ធិ និងសេរីភាពក្នុងការ បោះឆ្នោតតាមឆន្ទៈរបស់អង្គបោះឆ្នោត ។
សេចក្តីថ្លែងការណ៍បន្តថា សកម្មភាពបែបនេះមិនត្រឹមតែធ្វើឱ្យខូចដល់ក្រមសីលធម៌នៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចដល់ខ្លឹម សារនៃដំណើរការបោះឆ្នោតដោយយុត្តិធម៌ ក្បត់តម្លៃមូលដ្ឋាននៃប្រព័ន្ធពហុបក្ស និងឧត្តមគតិនៃអភិបាលកិច្ចប្រជាធិបតេយ្យពិតប្រាកដ។ ជាការចាំបាច់ដែលគណបក្សនយោបាយត្រូវ ចៀសវាងការប្រព្រឹត្តិខុស ច្បាប់ និងគេចវេះពីគោលការណ៍ណែនាំផ្សេងៗ នៃការបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភា។
គណបក្សហ៊្វុនស៊ិនប៉ិច តស៊ូមតិដើម្បីលើកតម្កើង និងគោរពតាមមនសិការ សម្បជញ្ញៈរៀងៗ ខ្លួនរបស់អង្គបោះឆ្នោតជានិច្ច។ ជាមួយគ្នានេះដែរ សូមអំពាវ នាវដោយស្មោះអស់ពីដួងចិត្តក្នុងការ បោះ ឆ្នោតជូន គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីទុកលទ្ធភាពថ្វាយ ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ដើម្បីដឹកនាំ បង្រួបបង្រួមអ្នកប្រជាធិប តេយ្យជំនាន់ថ្មីឲ្យមានភាពរឹងមាំ មានទំនុកចិត្តគ្រប់មជ្ឈដ្ឋាន និងពីប្រជារាស្ត្រខ្មែរឡើងវិញ៕