ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណការ ចូលរួមកិច្ចប្រជុំលើកដំបូង ក្នុងអាណត្តិទី៧ របស់ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ)
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ.) នាថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងក្នុងអាណត្តិទី៧ របស់ក.ជ.ភ. ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក.ជ.ភ. ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងគណៈកម្មាធិការជាតិភស្តុភារកម្ម។
កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅយ៉ាងរលូន តាមរបៀបវារៈដែលបានគ្រោងទុក ដែលរួមមាន៖
១. របាយការណ៍វឌ្ឍនភាពការងារ របស់គណៈកម្មាធិការជាតិភស្តុភារកម្ម
២. បទបង្ហាញសង្ខេបស្តីពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Intermodal Transport and Logistic System Master Plan 2023-2033 – CITLS)
៣. បទបង្ហាញសង្ខេបស្តីពីវឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistic Complex – PP-LC)
៤. បទបង្ហាញសង្ខេបស្តីពីវឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanouk Ville Logistic Complex – SHV-LC)
សូមជម្រាបថា៖ ផែនការមេ CITLS 2023-2033 បានកំណត់នូវគម្រោងអាទិភាពចំនួន ១៧៤ ដែលត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ៕