សម្តេចធិបតី៖ មិនត្រូវអស់សង្ឃឹម ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ទោះគ្រឿងញៀនជាបញ្ហាសកលក៏ដោយ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បញ្ហាគ្រឿងញៀន មិនមែនជារឿងដាច់ដោយឡែក របស់កម្ពុជានោះទេ តែវាជាបញ្ហាសកល ហើយសម្តេចធិបតី បានថ្លែងបន្ថែមថា ទោះគ្រឿងញៀនជាបញ្ហាសកល ក៏មិនត្រូវអស់សង្ឃឹមក្នុងការប្រយុទ្ធប្រឆាំងនឹងវា ហើយបណ្តោយឲ្យវារាតត្បាតសង្គមកម្ពុជានោះឡើយ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាគ្រឿងញៀនមាននៅគ្រប់ប្រទេសទាំងអស់ សូម្បីតែប្រទេសមានច្បាប់តឹង ដែលអ្នកជួញដូរ ត្រូវដាក់ទោសធ្ងន់ រហូតត្រូវប្រហារជីវិតចោល ក៏មានបញ្ហាគ្រឿងញៀនដែរ។ ប្រទេសមហាអំណាច បានចំណាយរាប់លានដុល្លារក្នុងមួយឆ្នាំ ក៏នៅប្រឈមបញ្ហានេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ដោយសារតែវាជាបញ្ហាស្មុគស្មាញ ហើយកាន់តែកើន បញ្ហានេះ វិវត្តលឿនរហ័ស។ និយាយបែបនេះ សួរថាកម្ពុជា ត្រូវលែងធ្វើការងារនោះទេ? និយាយបែបនេះ សួរថា យើងអស់សង្ឃឹមមែនទេ? អត់ទេ! យើងគ្មានជម្រើសទេ យើងមិនអាចឲ្យកម្ពុជា ២០ឆ្នាំ ២៥ឆ្នាំទៀត មិនទាន់បានអីផងគ្រឿងញៀនពេញហ្នឹងនោះទេ»។
សម្តេចលើកឡើងថា គ្រប់គ្នាទាំងអស់ ឯកឧត្តម លោកជំទាវនៅទីនេះ មិនថាក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល អង្គការសង្គមស៊ីវិល សុទ្ធតែមានប្រពន្ធកូនចៅ សុទ្ធតែខ្លួនឯងរស់នៅក្នុងសង្គម ផ្ទះរបស់យើងត្រូវព័ទ្ធដោយអ្នកផ្សេង ចរាចរណ៍ចល័តរាល់ថ្ងៃ។ យើងចង់ឲ្យស្រុកទេសរបស់ស្អាត ជាកន្លែងស្អាត ទៅដល់រឿងសន្តិសុខសង្គម។ បញ្ហាសន្តិសុខ ជាបញ្ហាសំខាន់ណាស់។ ដោយសារបញ្ហាចរាចរណ៍គ្រឿងញៀន កាន់តែប្រទាក់ក្រឡា វាកាន់តែទំនើប វាកាន់តែមានឥទ្ធិពល ពីមុនលក់ដោយដុំ ឥលូវប្រទាក់ក្រឡាគ្នា ជាប្រព័ន្ធអន្តរជាតិ។ យើងត្រូវទទួលស្គាល់កិច្ចការងារនេះ តែដូចខ្ញុំនិយាយអីចឹង យើងគ្មានជម្រើសក្រៅពីទប់ទល់ ប្រយុទ្ធប្រឆាំងជាមួយវា ដើម្បីអនាគតរបស់យើង ៕