រដ្ឋសភា បោះឆ្នោតគាំទ្រទាំងស្រុង លើការតែងតាំងឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ រដ្ឋសភា បានបោះឆ្នោតគាំទ្រទាំងស្រុងលើ ការតែងតាំងឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី។
ការបោះឆ្នោតនេះ មានសំឡេងគាំទ្រ ១២០/១២០សំឡេង នៅក្នុងសម័យប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភានានាផងដែរ។
ក្រៅពីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង ឯកឧត្ដម ហ៊ុន ម៉ានី, រដ្ឋសភាក៏នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការស្នើតែងតាំងបន្ថែមទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស២រូបថែមទៀតនោះគឺឯកឧត្ដម ស្រ៊ី ថាមរុង្គ និងឯកឧត្ដម ប៉ែន វិបុល ផងដែរ។
ឯកឧត្ដម ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្ដមជាអតីតប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងត្រូវបានបញ្ចូលជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ។
ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាច្រើន រួមមាន សាកលវិទ្យាល័យ The University of Melbourne របស់អូស្ត្រាលី, សាកលវិទ្យាល័យ Hofstra University និងសាកលវិទ្យាល័យ National Defense University របស់សហរដ្ឋអាមេរិក ផងដែរ៕