សម្តេចធិបតី៖ គោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ គឺពង្រឹងមូលដ្ឋាន សម្រាប់ការអភិវឌ្ឍ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត គឺការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារតេជោសែន» និង «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច គឺជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ដែលមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា គឺពឹងផ្អែកទៅលើវិស័យឯកជន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សម្តេចធិបតីបានថ្លែងថា យើងត្រូវខិតខំទាញសហគ្រាសមីក្រូធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានចូលក្នុងប្រព័ន្ធ ដើម្បីងាយស្រួលប្រទាក់ក្រឡាគ្នា ពោលគឺយើងត្រូវរួមគ្នាធ្វើការងារដើម្បីបង្កើតកម្លាំងសេដ្ឋកិច្ចសម្រាប់ជាតិរបស់យើង ៕