សម្តេចធិបតី៖ ក្នុងអាណត្តិទី៧នេះ ជាអាណត្តិដំបូងនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ត្រូវផ្តោតទៅលើការចាក់គ្រឹះឱ្យបានរឹងមាំ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅក្នុងអាណត្តិទី៧នេះ គឺជាអាណត្តិដំបូងនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលត្រូវផ្តោតទៅលើការចាក់គ្រឹះឱ្យបានរឹងមាំ ដើម្បីឱ្យដំណើរការអភិវឌ្ឍសម្រាប់អាណត្តិជាបន្តបន្ទាប់ទៀតបានលឿន ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារតេជោសែន» និង «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧ ពោលគឺនៅក្នុងយុទ្ធបញ្ចកោណដំណាក់កាលទី១ គឺត្រូវផ្តោតលើការពង្រឹង ជាជាងការពង្រីក ដោយត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្រសួង ស្ថាប័ន ត្រូវខិតខំប្រើប្រាស់យន្តការដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព ដោយមិនត្រូវបង្កើតយន្តការច្រើនពេកដែលនាំឱ្យរាំងស្ទះនៅក្នុងដំណើរការនៃការបំពេញការងារ ៕