ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជាចង់ដកដង្ហើមដោយខ្លួនឯង តែក៏មិនបោះបង់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍខាងក្រៅឡើយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា កម្ពុជាចង់ដកដង្ហើមដោយខ្លួនឯង ម្ចាស់ការខ្លួនឯងលើការផលិតនិងកសាងសមិទ្ធផលធំៗ ដូចជាផ្លូវល្បឿនលឿន ផ្លូវក្រោមដី ហេដ្ឋរចនាសម្ពន្ធធំៗផ្សេងៗទៀត តែក៏មិនបោះបង់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍខាងក្រៅឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចចង់បានណាស់នូវផលិតផល និងការដកដង្ហើមលើគ្រប់វិស័យដោយខ្លួន តែក៏មិនបោះបង់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍខាងក្រៅឡើយ ដូច្នេះគ្រប់ភាគីរដ្ឋ និងឯកជនក្នុងប្រទេសត្រូវតែពង្រឹងសមត្ថភាពផ្ទៃក្នុង ដើម្បីឈានដល់ភាពម្ចាស់ការលើការកសាងសមិទ្ធផលធំៗដោយខ្លួនឯង។
សម្ដេចធិបតី បានបន្តថា កាលពីឆ្នាំ១៩៩០ជាង មានជំនាញការពីធនាគារពិភពលោក (World Bank) មកជួយសរសេរគោលនយោបាយឱ្យកម្ពុជា តែឥឡូវនេះកម្ពុជាអាចធ្វើការងារនេះដោយខ្លួនឯងហើយ សមត្ថភាពកូនខ្មែរអាចធ្វើអគារច្រើនជាន់ ធ្វើស្ពានឆ្លងទន្លេ នៅឡើយតែផ្លូវក្រោមដី តែយ៉ាងណាត្រូវតែពង្រឹងសមត្ថភាពធ្វើឱ្យបាននៅថ្ងៃក្រោយ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចង់ឱ្យរយៈពេល៥ឆ្នាំនេះជាពេលកសាងគ្រឹះគោលនយោបាយបញ្ចកោណឱ្យបានរឹងមាំ ហើយពេលបន្តទៅទៀតនឹងខិតខំអនុវត្តឱ្យបានល្អ ដើម្បីឱ្យកម្ពុជាអាចដកដង្ហើមខ្លួនឯងលើគ្រប់វិស័យ ម្ចាស់ការខ្លួនឯងដោយទំនុកចិត្ត ៕