សម្តេចធិបតី៖ ការដំឡើងឋានៈរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជា «ឧបនាយករដ្ឋមន្ត្រី» គឺដើម្បីសម្រួលដល់ការងារកែទម្រង់មុខងារសាធារណៈ
ភ្នំពេញ៖ ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដែលប្រារព្ធនៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដំឡើងឋានៈរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជា «ឧបនាយករដ្ឋមន្ត្រី» គឺដើម្បីសម្រួលដល់ឋានានុក្រមការងារ ដោយសារក្រសួងមុខងារសាធារណៈ ដើរតួនាទីជាសេនាធិការនៅក្នុងការអនុវត្តការកែទម្រង់មុខងារសាធារណៈដែលពាក់ព័ន្ធជាមួយគ្រប់ក្រសួងស្ថាប័នទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាសេនាធិការ មានកម្រិតទាប គឺពិបាកក្នុងការសម្របសម្រួលការងារកែទម្រង់មុខងារសាធារណៈណាស់ ដូចនេះដើម្បីប្រសិទ្ធភាពការងារ យើងត្រូវដំឡើងឋានៈ តួនាទីរបស់គាត់ ដើម្បីផលប្រយោជន៍ជាតិយើងទាំងមូល។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា អ្នកណាក៏ដោយឱ្យតែកាន់ការងារនេះ ក៏ត្រូវដំឡើងជាឧបនាយករដ្ឋមន្ត្រីដែរ ដោយសារក្រសួងមុខសាធារណៈដើរតួជាសេនាធិការនៅក្នុងការកែទម្រង់គ្រប់ក្រសួងស្ថាប័ន ៕