សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធ្វើអ្វីក៏ដោយបើគ្មាន ការតាមដានត្រួតពិនិត្យគ្រប់គ្រាន់ គឺអត់ជោគជ័យទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ធ្វើអ្វីៗក៏ដោយបើមិនមានមានការតាមដានត្រួតពិនិត្យគ្រប់គ្រាន់ គឺមិនទទួលបានជគជ័យទេ ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «អ្វីដែលជាគន្លឹះរបស់ខ្ញុំនោះ គឺធ្វើក៏ដោយត្រូវមានការតាមដានត្រួតពិនិត្យ និងមានយន្តការជាប់ប្រចាំ ត្រឹមតែយកមកចងក្រងចែងរំលែកមិនប្រាកដថាដើរនោះទេ ចឹងហើយបានជាយន្តការថ្នាក់ជាតិនេះគឺត្រូវរៀបចំក្រុមការងារតាំងពីថ្នាក់ចាប់ផ្តើមណែនាំរហូតមក ក្នុងមួយអាណត្តិនេះត្រូវមានយន្តការតាមដានត្រួតពិនិត្យ, យើងចាប់ផ្តើមពី ៥០សាលា ដែលនឹងទៅជាគម្រូដើម្បីជួយមើល និងបណ្តុះបណ្តាលបន្តទៅ ១០០សាលា ២០០សាលា នឹងទៅដល់ ១ ០០០សាលា»។
សម្ដេចសង្កត់ធ្ងន់ថា «ធ្វើអីបើគ្មានការតាមដានត្រួតពិនិត្យគ្រប់គ្រាន់ អត់ជោគជ័យទេ បរិមាណបាន តែគ្មានគុណភាព ខ្ញុំសុខចិត្តយកចាប់ផ្ដើមតិច សួរថាម៉េចក៏មិនយកចាប់ផ្ដើមច្រើន ចាប់ផ្ដើមទូទាំងប្រទេសតែម្ដងទៅ ខ្ញុំថាវាអត់សំខាន់ទេ ចង់ឲ្យជោគជ័យរយៈពេលវែង ត្រូវឲ្យមានជោគជ័យរយៈពេលខ្លី កុំឲ្យចាប់ផ្ដើមឡើងបរាជ័យ» ។
សម្តេចមហាបវរធិបតី បន្ថែមថា បើចង់ឱ្យមានភាពក្នុងជោគជ័យរយៈពេលវែង ត្រូវឱ្យមានជោគជ័យរយៈពេលខ្លីជាមុនសិន កុំឱ្យចាប់ផ្តើមឡើងបរាជ័យមុន ហើយបើយើងយក ២០០សាលាមកមកអនុវត្តជាគំរូ យើងត្រូវមានលទ្ធភាពពិនិត្យតាមដានធ្វើឱ្យបាន តែបើគ្មានលទ្ធភាពតាមដានត្រួតពិនិត្យ និងជម្រុញឱ្យបានដើរដោយជោគជ័យទាំង ២០០សាលានោះទេ គឺយើងនឹងបរាជ័យ ដូចនេះបើសិនជាយើងចាប់ផ្តើមប៉ុន្មានសាលា យើងត្រូវតែធ្វើឱ្យជោគជ័យសាលាទាំងអស់នោះសិន ទើបជាគម្រូដែលសាលាផ្សេងៗចង់ធ្វើតាមដែរ៕